ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ពលរដ្ឋខ្វះខាត៣គ្រួសារនៅភូមិគោដួល ឃុំត្រពាំងក្រសាំង ទទួលអំណោយពីព្រះចៅអធិការវត្តបឹងខ្យាង

ប្រជាពលរដ្ឋមានជីវភាពខ្វះ​ខាតចំនួន៣គ្រួសារ រស់​នៅ​ភូមិ​គោដួល ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដែលមានការខ្វះខាត បានទទួលអំណោយពីព្រះចៅអធិការវត្តបឹងខ្យាង ព្រះនាម ជួន មករា។

អំណោយដែលនាំ​យក​ទៅចែកជូនពលរដ្ឋមានជីវភាពខ្វះខាតនោះ មួយ​គ្រួសារៗទទួលបាន៖ អង្ករ១បាវ មី១កេះ ត្រីខ១យួ ទឹកត្រី១យួ និងថវិការ៥0000រៀល។

ព្រះតេជគុណ ជួន មករា ព្រះចៅអធិការវត្ត​បឹងខ្យាង មានសង្ឃដីកាថា អំណោយដែលនាំ​យកមក​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៣គ្រួសារ​រស់​នៅ​ក្នុង​ឃុំ​គោដួល តាម​រយៈលោក ផេង អ៊ី ចាងហ្វាងគេហទំព័រ​ឥន្រ្ទីមាស ថ្វីត្បិតតែតិចតួចក៏​ពិត​មិន​មែន ប៉ុន្តែ​រំពឹងថា នឹង​អាចជួយ​ជីវភាពញ្ញាតិញោមបានមួយគ្រាដែរ។

សូម​បញ្ជាក់ថា ពលរដ្ឋ​ទាំង​៣គ្រួសារ ពួក​គាត់​ជា​ស្រ្តីមេមាយ មានជំងឺប្រចាំកាយ និង​ខ្វះ​ខាត​ក្នុង​ជីវភាព ។ ដោយ​មើលឃើញ​ពីស្ថានភាពនេះ​ហើយ ទើបលោក ផេង អ៊ី ចាងហ្វាងគេហទំព័រ​ឥន្រ្ទីមាស ស្វះស្វែង​រក​ជំនួយ​ពីសប្បុរស​ជន​នានា ដើម្បី​ជួយ​ដល់​គ្រួសារ​ខ្វះខាតទាំងនោះ ៕