ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ពលរដ្ឋ​កោត​សរសើរ​ចំពោះ​ការ​ដឹកនាំ​របស់ចៅសង្កាត់ព្រៃសទើបជាប់ឆ្នោតថ្មី​ទាំងសន្តិសុខ និង​ការ​បម្រើសេវាសាធារណៈ

ប្រជាពលរដ្ឋ​រស់​នៅ​ក្នុងសង្កាត់ព្រៃស បានថ្លែង​កោតសរសើរ​ដល់​ការ​ដឹកនាំ​របស់​លោក ខាត់ សុខៃ ដែល​ជា​ចៅសង្កាត់ទើប​ជាប់ការ​បោះឆ្នោតថ្មី ថា បានបម្រើ​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អ មិនថា សេវាសាធារណៈ ឬសន្តិសុខ​ក្នុងមូលដ្ឋាន​នោះទេ។

បើតាម​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​សង្កាត់ព្រៃសបច្ចុប្បន្ន ពុំ​មាន​ទីតាំង​ល្បែង​ស៊ីសង ឬកើត​មាន​នូវ​អំពើចោរកម្ម ឬអំពើហិង្សា​អ្វីនោះឡើយ ខណៈ​ប្រជាពលរដ្ឋ​ក៏​សប្បាយ​ចិត្ត​ចំពោះ​សេវារដ្ឋបាល​ដ៏​ល្អប្រសើរ​ដូចគ្នា។

លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស បាន​មានប្រសាសន៍ថា សង្កាត់ព្រៃទាំងមូល ត្រូវ​បាន​ចែកចេញ​ជា​១២ភូមិ ដោយ​មាន​ក្រុម​ប្រឹក្សា​ចំនួន ៧នាក់ ស្មៀន១នាក់ និង​ជំនួយ​ការ​ស្មៀន​ចំនួន៥នាក់។ សង្កាត់នេះ មាន​ប្រជាការពារសង្កាត់​ចំនួន​១២នាក់ និង​ប្រជាការពារ​ក្នុង​មួយ​ភូមិ​ចំនួន​៥នាក់។

លោកចៅសង្កាត់បញ្ជាក់ថា នៅក្នុងសង្កាត់របស់លោក​មានសន្តិសុខ​យ៉ាងល្អ ដោយ​គ្មាន​អំពើហិង្សា ឬចោរកម្មអ្វីនោះទេ ពីព្រោះតែ​លោកបានចាត់តាំង​ប្រជាការពារ​តាម​បណ្តាភូមិ​ទាំង​១២ ឱ្យ​ធ្វើ​ការ​យាមកាមគ្រប់ភូមិសាស្រ្ត​សំខាន់ៗ ខណៈការ​អភិវឌ្ឍក្នុង​មូលដ្ឋាន លោក​ក៏​បានគិតគូរផងដែរ។

ដោយ​ឡែក​ចំពោះ​ការ​បម្រើ​សេវាសាធារណៈវិញ សង្កាត់ព្រៃស មាន​សេវាច្រកចេញចូលតែមួយ ដែលជួយ​សម្រួល​ដល់បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើ​ឯកសារសាធារណៈផ្សេង​ៗដោយ​មិន​មាន​ការ​យឺតយ៉ាងនោះ​ឡើយ ទោះ​បីជា​ថ្ងៃសៅរ៍ អាទិត្យ ក៏​សង្កាត់មានក្រុមការងារ​ក្នុង​ការ​ជួយ​សម្រួល​ដល់ប្រជាពលរដ្ឋផងដែរ។

បើនិយាយ​ពី​ទីតាំងល្បែងស៊ីសងវិញ នៅ​សង្កាត់ព្រៃស គឺគ្មាន​នោះទេ ហើយ​លោក​ក៏​បានដាក់បញ្ជា​មិន​ឱ្យ​មាន​ទីតាំង​ល្បែង​ស៊ីសង​ក្នុង​មូលដ្ឋាន​សង្កាត់ព្រៃស​ជា​ដាច់ខាត ដើម្បី​អនុវត្ត​ឱ្យ​បាន​នូវ​គោល​នយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​​ទាំង​៩ចំណុច​របស់​រាជរដ្ឋាភិបាល៕