ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ពលរដ្ឋ​១៤៨គ្រួសារ​ត្រូវជម្លៀស​ទៅ​រកទីទួលសុវត្ថិភាព ក្រោយ​ទឹកទំនប់អូខៃដនហក់ឡើងខ្លាំង

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេច​ជម្លៀសប្រជាពលរដ្ឋ១៤៨គ្រួសារទៅ​កាន់ទីទួលសុវត្ថិភាព បន្ទាប់ពីទឹកជមនន់បានហូរជន់លិចផ្ទះ ខណៈកម្ពស់ទឹកទំនប់អូខៃដនកំពុងហក់ឡើងខ្ពស់។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ឱ្យដឹងថា ជំនន់ទឹកភ្លៀងបានជន់លិចប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅផ្នែកខាងត្បូងផ្លូវជាតិលេខ៥ ក្បែរអូរព្រំដែនស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល សង្កាត់អូរជ្រៅ និងសង្កាត់និមិត្ត ទើបកម្លាំងចម្រុះប្រមាណ១០០នាក់ យកការ៉ុងច្រកដីបិទលើខ្នងទំនប់ ព្រមទាំងជម្លៀសប្រជាពលរដ្ឋមានចំនួន១៤៨គ្រួសារ ស្មើមនុស្សសរុប៣០៨នាក់ ស្រី១៤៦នាក់ ទៅកាន់ទីទួលសុវត្ថិភាព និងបានរៀបចំស្បៀងអាហារ គ្រឿងឧបភោគបរោភោគមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងជំរំសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅក្រុងប៉ោយប៉ែត មានចំនួន៣សង្កាត់ស្មើ៧ភូមិ ឬ២៤៧គ្រួសារ ស្មើមនុស្សសរុបចំនួន៨៦៨នាក់ ស្រី៥៧៩នាក់ ស្លាប់២នាក់។ សម្រាប់ពលរដ្ឋចំនួន១៤៨គ្រួសារ ស្មើមនុស្សចំនួន៣០៨នាក់ ស្រី១៤៦នាក់ កុមារ២៦៧នាក់ ត្រូវបានអាជ្ញាធរជម្លៀសបន្ទាន់ទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកបានបន្តជន់លិចស្រូវជាង៤០ហិកតា លិចសាលារៀន១កន្លែង វត្ត១កន្លែង ទឹកលិចផ្លូវ១០ខ្សែប្រវែង៤០៧០ម៉ែត្រផងដែរ៕