ផ្តល់ព័ត៌មានពិតជូនលោកអ្នកជារៀងរាល់ថ្ងៃ..

ករណីលិចទូកជនជាតិចិននៅកណ្តាលសមុទ្រខ្មែរ ជនសង្ស័យចំនួន៦នាក់ត្រូវ​ចាប់ខ្លួន

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា យ៉ាងហោចណាស់ជនសង្ស័យ៦នាក់ ត្រូវបានចាប់ខ្លួន និង​បញ្ជូនទៅតុលាការ ក្រោយ​ពេលសមត្ថកិច្ចស្រាវជ្រាវលើករណីលិចទូក នៅខេត្តព្រះសីហនុ រកឃើញករណីនេះ ជាការនាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសចិនចូលមកកម្ពុជា។

មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា ក្រោយពីសួរនាំ និងបន្តស្រាវជ្រាវលើករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ដែលមានជនជាតិចិនម្នាក់ និងខ្មែរ៥នាក់ជាប់ពាក់ព័ន្ធក្នុង​ករ​ណីនាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសចិន។ ជនសង្ស័យទាំង៦នាក់ រួមមាន៖ ទី១.ឈ្មោះ ផាន ស៊ីងវ៉ៃ PAN XING WEI ភេទប្រុស អាយុ៥៥ឆ្នាំ ជនជតិចិនមុខរបរ ទិញលក់ត្រី និងលក់ប្រេងម៉ាស៊ុត។ ទី២.​ ឈ្មោះ ញឹម សាខន ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជតិខ្មែរ មុខរបរលក់គ្រឿងសមុទ្រ និងលក់ប្រេងម៉ាស៊ុត។ ទី៣. ឈ្មោះ គា ភារៈ ហៅលក្ខណ៍ ភេទប្រុស អាយុ២៩ឆ្នាំ ជនជតិខ្មែរ ជាតៃកុងបើកបរទូក។ ទី៤. ឈ្មោះ សឿន ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជតិខ្មែរ ជាកម្មករទូក។ ទី៥. ឈ្មោះ នួន នីន ភេទប្រុស អាយុ៤០ឆ្នាំ ជនជតិខ្មែរ ជា​តៃកុងបើកបរទូក និងទី៦. ឈ្មោះ យឿន យិន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ ជាកម្មករទូក។ អ្នក​ទាំង៦នាក់នេះ រស់នៅក្រុងព្រះសីហនុ ពួកគេត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

នាយឧត្តមសេនីយ៍ បានបន្ថែមថា ចំណែកជនជាតិចិនទាំង៣០នាក់ (ស្រី១) ដែលកម្លាំងសមត្ថកិច្ចជួយសង្គ្រោះបាននោះ មាន០៥នាក់ កំពុងមានតម្រុយជាប់ពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ពីប្រទេសចិន ចូលមកប្រទេសកម្ពុជា។ ជនរងគ្រោះត្រូវបាន​សមត្ថកិច្ច ប្រគល់ជូនស្ថានទូតចិនផងដែរ។ បុរសជនជាតិចិនទាំង៥នាក់ ដែលមានតម្រុយជាប់ពាក់ព័ន្ធក្នុងករណីនាំមនុស្សឆ្លងដែនខុសច្បាប់ពីប្រទេសចិនចូលមកកម្ពុជា មានឈ្មោះដូចជា៖ ទី១. ឈ្មោះ GUO JIAN PING (ហ្គូវជាំងភីង) អាយុ៣៣ឆ្នាំ, ទី២. ឈ្មោះ LIN SHUANG (លីនហ្សាំង) អាយុ២៥ឆ្នាំ, ទី៣. ឈ្មោះ WANG LI CHU (វាំង លីចូ) អាយុ ៤២ឆ្នាំ, ទី៤. ឈ្មោះ ZHU ZHI MING (ហ្ស៊ូ ហ្ស៊ីមីង) អាយុ៣៧ឆ្នាំ និងទី៥. ឈ្មោះ LIU SHAI JUN (លឺ សៃជួន) អាយុ៣៣ឆ្នាំ។ ពួកគេទាំង៥នាក់នេះ ពុំមានលិខិតឆ្លងដែននោះទេ។

សូមបញ្ជាក់ផងដែរថា ករណីលិចទូក១គ្រឿង នៅក្នុងលម្ហសមុទ្រកម្ពុជា ស្ថិតនៅចន្លោះកោះរ៉ុងសន្លឹម និងកោះតាង ខេត្តព្រះសីហនុ បានកើតឡើងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ដែលនៅលើទូកនោះ មានមនុស្សសរុប៤៣នាក់ (ជនជាតិចិន៤១នាក់ និងជនជាតិខ្មែរ២នាក់)។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនទឹក ចេញទៅជួយសង្គ្រោះជនរងគ្រោះ បានជាបន្តបន្ទាប់ដោយក្នុងនោះ ខាងកម្ពុជាសង្គ្រោះ និងរកឃើញមនុស្សចំនួន២៤នាក់ (ស្លាប់៣នាក់) និងភាគីខាងប្រទេសវៀតណាមសង្គ្រោះ និងរកឃើញមនុស្សចំនួន១៧នាក់(ស្លាប់៨នាក់)៕