សង្គម

រកឃើញឈើប្រមាណ១រយដុំ លាក់ទុកនៅក្រោយផ្ទះពលរដ្ឋ​ក្នុង​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ

សមត្ថកិច្ចខេត្តព្រះវិហារ បានរកឃើញឈើខុសច្បាប់ចំនួន៩៩ដុំ ដែលត្រូវ​ក្រុមឈ្មួញ​លាក់ទុកនៅទីតាំងចំនួន ៤កន្លែង ខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិស្វាយ ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី។

លោក តូ សុថេត នាយរងផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ បានថ្លែងថា ក្រោយ​ពីមានបញ្ជាពីថ្នាក់លើ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវរកមុខសញ្ញាដឹកបទល្មើសព្រៃឈើនៅក្នុងស្រុកសង្គមថ្មី និងបានរកឃើញក្រុមឈ្មួញដឹកជញ្ជូនឈើទៅលាក់ទុកនៅតាមផ្ទះប្រជាជនដើម្បីបង្វែងដាន និងបំភ័ន្តភ្នែកមហាជន ក៏ដូចជាសមត្ថកិច្ច។ បន្ទាប់ពីបានរកឃើញឈើទាំងនោះ លោកបានសុំគោលការណ៍ទៅព្រះរាជអាជ្ញា និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ទើបមានបទបញ្ជាដឹកនាំកម្លាំង មានផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយ លោក កែប ប៊ុណ្ណា សហការជាមួយកម្លាំងអធិការនគរបាលស្រុងសង្គមថ្មី កម្លាំងអាវុធហត្ថស្រុកសង្គមថ្មី ចុះបង្ក្រាបតែម្តង។

ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ច បានឱ្យដឹងថា ឈើលេខមួយប្រភេទឈើសុក្រម និងឈើឈ្លីក ត្រូវបានមេឈ្មួញបញ្ចុះបញ្ចូលឱ្យប្រជាពលរដ្ឋចូលទៅលួចអារនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ការលីនឆយ ដែលមានទីតាំងស្ថិតក្នុងឃុំស្តៅ ស្រុកសង្គមថ្មី យកមកលក់ឱ្យក្រុមឈ្មួញក្នុងតម្លៃ ៣០០ដុល្លារ ក្នុងមួយម៉ែត្រគូប ហើយក្រុមឈ្មួញបន្តដឹកឈើនោះយកទៅខេត្តកំពង់ធំ តាមច្រកផ្លូវពីភូមិតាសែង ទៅព្រំប្រទល់ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មានសមត្ថកិច្ចជាច្រើនក្រុមនៅប្រចាំការទីនោះមិនដែលបានបង្ក្រាបការដឹកជញ្ជូនឈើរបស់មេឈ្មួញម្នាក់នេះឡើយ។

យ៉ាងណាក៏ដោយ បច្ចុប្បន្នវត្ថុតាងឈើចំនួន ៩៩ដុំ ត្រូវបានដឹកជញ្ជូនទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *