ភាគីថៃថា ប្រាសាទថ្មនៅខេត្តបុរីរម្យ មិនបានចម្លងប្លង់ ឬរចនាបថដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឡើយ
ពាក់ព័ន្ធនឹងការសាងសង់ប្រាសាទថ្មមួយនៅខេត្តបុរីរម្យ ប្រទេសថៃ ដែលផ្តើមឲ្យមានការរំជើបរំជួលនៅលើបណ្តាញសង្គម ព្រោះតែវាដូចគ្នាទៅនឹងប្រាសាទអង្គរវត្តរបស់កម្ពុជានោះ នៅថ្ងៃនេះ បន្ទាប់ពីធ្វើការស្រាវជ្រាវ និងប្រមូលព័ត៌មាន ដោយស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា រួចមក ក្រសួងវប្បធម៌កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានដោយបំភ្លឺថា ព្រះចៅអធិការវត្តនោះបានអះអាងថា ការសង់ប្រាសាទនេះ មិនបានលួចចម្លងប្លង់ ឬសាងសង់តាមរចនាបថស្ថាបត្យកម្មដូចគ្នាទៅនឹងប្រាសាទអង្គរវត្ត ឬប្រសាទបុរាណណាមួយនៅក្នុងប្រទេសកម្ពុជាឡើយ ពោលគឺសាងសង់តាមគំនូសប្លង់ដោយខ្លួនឯង និងរចនាទៅតាមស្ថាបត្យកម្មប្រាសាទមួយចំនួនដែលមានក្នុងតំបន់នោះ។
ក្នុងនោះ តំណាងអ្នកសម្របសម្រួល នៃគម្រោងស្ថាបនាប្រាសាទ ក៏ស្វាគមន៍ក្នុងការទទួលស្នើឲ្យមន្រ្តីជំនាញផ្នែកស្ថាបត្យកម្មកម្ពុជាចុះពិនិត្យដោយផ្ទាល់បាន ក្នុងករណីមានការមន្ទិលសង្ស័យ។
បើតាមការបញ្ជាក់របស់ក្រសួងថា សំណង់ប្រាសាទនេះជាសំណង់មួយក្នុងចំណោមសំណង់ប្រាសាទថ្មដទៃៗទៀត មានភាពចម្រុះគ្នាជាទីប្រតិស្ឋាននៃព្រះពុទ្ធរូបសម្រាប់បូជា ស្ថិតក្នុងវត្តពុទ្ធបាទសិលាភូម៉ានហ្វា នៃភូមិណងឡាយ ឃុំបានស៊ិង ស្រុកណាងរ៉ង ខេត្តបុរីរម្យ នៃព្រះរាជាណាចក្រថៃ ។ សំណង់នេះធ្វើពីថ្មភក់នៅផ្នែកក្រៅ និងចាក់បេតុងបង្កប់ដកពីខាងក្នុង ។