ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ៖ កម្ពុជាគ្រាន់តែជាជនរងគ្រោះនៃឧក្រិដ្ឋកម្មអនឡាញរបស់ថៃប៉ុណ្ណោះ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នាយករដ្ឋមន្រ្ដីថៃ កំពុងបង្វិលស្ថានការណ៍លើរឿងឧក្រិដ្ឋកម្មអនឡាញមកកម្ពុជា ដោយកាលពីថ្ងៃទី២៤ ខែមិថុនា លោកស្រីបានប្រកាសថា បិទព្រំដែនដើម្បីបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈដែលថៃបានបិទព្រំដែនជាឯកតោភគីតាំងពីថ្ងៃទី៧ ខែមិថុនាមកម៉្លេះ ។

នៅក្នុងឱកាស «អញ្ជើញសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ» នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាគ្រាន់តែជាជនរងគ្រោះនៃឧក្រិដ្ឋអនឡាញរបស់ថៃប៉ុណ្ណោះ។ ជាក់ស្តែងមានតែប្រទេសថៃមួយគត់ដែលមានជើងអាកាសហោះតភ្ជាប់ពីប្រទេសខាងក្រៅចូលមកក្នុងប្រទេសថៃ ដោយសារតែមីយ៉ាន់ម៉ា ឡាវ និងកម្ពុជាគ្មានជើងអាកាសធន់ធំហោះត្រង់ចូលមកទេ ដូច្នេះអ្នកឆបោកអនឡាញទាំងប៉ុន្មានត្រូវសម្រួលដោយអាជ្ញាធរថៃទាំងអស់។

ទន្ទឹមនេះដែរ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់មិត្តចិន អាមេរិក ឬអ្នកដទៃទៀតមើលអោយច្បាស់ចំណុចនេះ ខណៈដែលប្រទេសថៃកំពុងពោរពេញទៅដោយឧក្រិដ្ឋកម្មអនឡាញ និងជាមជ្ឈមណ្ឌលចែកចាយឧក្រិដ្ឋកម្មនេះ ប៉ុន្ដែលោកស្រីនាយករដ្ឋមន្រ្ដីថៃ បែរជាមកចោទកម្ពុជា ដែលជាប្រទេសរងគ្រោះដោយសារថៃទៅវិញ។ សម្ដេចតេជោ ជំរុញឱ្យបណ្ដាញផ្សព្វផ្សាយកម្ពុជា ផ្សព្វផ្សាយពីឧក្រិដ្ឋកម្មអនឡាញនៅថៃវិញ៕