ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុនបន្តចុះពិនិត្យស្ថានភាព វឌ្ឃនភាព និងសមិទ្ធផលនានាទទួលបានពីការអនុវត្តគម្រោងស្ដីពី ការគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះ ទន្លេមេគង្គ ដំណាក់កាលទី៣ សមាភាពទី១ (M-lWRM-3)នៅខេត្តស្ទឹងត្រែង
កម្មវិធីទី១ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ បន្តចុះពិនិត្យស្ថានភាព វឌ្ឍនភាព និងសមិទ្ធផលនានាទទួលបានពីការអនុវត្តគម្រោងស្តីពី ការគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3) នៅខេត្តស្ទឹងត្រែង។
នាព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមម៉ុម សារើន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង រួមជាមួយមន្ត្រីគម្រោងគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គ ដំណាក់កាលទី៣ សមាសភាគទី១ (M-IWRM-3) បានចុះពិនិត្យស្ថានភាព វឌ្ឍនភាព និងធ្វើការសំណេះសំណាលជាមួយប្រជាសហគមន៍នេសាទមកពី ១០សហគមន៍ នៃ៣៥សហគមន៍ដែលកំពុងអនុវត្តគម្រោងនេះនៅឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្តីពីសមិទ្ធផលសម្រេចបានរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងគម្រោង M-IWRM-3 អនុវត្តនៅខេត្តរបស់លោក លៀង សេង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមតិស្វាគមន៍យ៉ាងមានអត្ថន័យពីឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត តាមរយៈឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែបារម្ភ និងយកចិត្តទុកដាក់អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរគ្រប់រូប។ ពាក់ព័ន្ធនឹងគម្រោង M-IWRM-3 លោកក៏បានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែលបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំ និងអនុវត្តគម្រោងនេះឡើងក្នុងខេត្តគោលដៅទាំងពីរមានខេត្តក្រចេះ និងខេត្តស្ទឹងត្រែងទទួលបានលទ្ធផលគួរជាទីមោទនៈ។ លោកបន្ថែមថា លទ្ធផលជាផ្លែផ្កាដែលសម្រេចបានគឺមិនអាចកាត់ថ្លៃបានពីកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ពុះពារគ្រប់ឧបសគ្គពីសមាជិក សមាជិកានៃសហគមន៍នេសាទទាំងអស់នោះបានទេ។ សមិទ្ធផលលេចធ្លោដែលសម្រេចបានគឺ សហគមន៍បានសហការជាមួយគ្រប់ភាគីពាក់ព័ន្ធបញ្ចប់ការរៀបចំប្លង់ស្ថានីយផលិតត្រីពូជនៅក្នុងខេត្ត ដែលសកម្មភាពនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គឺពិតជាសំខាន់ក្នុងការការពារ និងធានាដល់និរន្តរភាពនៃពូជត្រីធម្មជាតិរបស់យើង។ មួយវិញទៀត ដើម្បីឲ្យគម្រោងទទួលបានជោគជ័យបន្ថែមទៀត ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ត្រីជំនាញបន្តផ្តល់ការគាំទ្រ និងកិច្ចសហការឲ្យអស់លទ្ធភាពទាំងផ្នែកបច្ចេកទេស និងវគ្គបណ្តុះបណ្តាល ដល់សហគមន៍ទូទាំងខេត្ត ធ្វើយ៉ាងណាបង្កើនសមត្ថភាពពួកគាត់ក្នុងការការពារ គ្រប់គ្រង អភិរក្ស និងជាពិសេសអភិវឌ្ឍន៍ធនធានជលផលប្រកបដោយចីរភាព និងនិរន្តរភាព។ ហើយក៏ត្រូវលើកទឹកចិត្តដល់សមាជិក សមាជិកាសហគមន៍ក្នុងការធ្វើវារីវប្បកម្ម កសិកម្មជម្រុះ ការចិញ្ចឹមសត្វ និងជាពិសេសការកែច្នៃ ដើម្បីបង្កើនតម្លៃ និងប្រាក់ចំណូលគ្រួសារ កាត់បន្ថយការពឹងអាស្រ័យលើធនធានធម្មជាតិ។ ដោយឡែក សហគមន៍ទាំងអស់ក៏ត្រូវបង្កើនសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការរវាងសហគមន៍ រួមគ្នាខិតខំប្រឹងប្រែងបន្តធ្វើយ៉ាងណា ពង្រឹងការចិញ្ចឹម ការការពារ និងអភិរក្សដែននេសាទរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព។
សូមជម្រាបអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង M-IWRM-3 ដែលសម្រេចបាននៅខេត្តស្ទឹងត្រែង៖ បច្ចុប្បន្នមានសហគមន៍នេសាទចំនួន ៣៥សហគមន៍ និងមានសមាជិក សមាជិកាសរុបចំនួន ៨ ៦៥៦នាក់ ក្នុងនោះស្ត្រីចំនួន ៥ ១៦១នាក់កំពុងទទួលការឧបត្ថម្ភគាំទ្រដើម្បីជួយគាំទ្រដល់ការការពារ ទប់ស្កាត់បទល្មើសជលផល អភិរក្សធនធានជលផល ការបង្កើត គ្រប់គ្រងសហគមន៍នេសាទ ហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារ បានបណ្តុះបណ្តាល ផ្សព្វផ្សាយ អប់រំ និងពង្រឹងច្បាប់ស្តីពីជលផល និងជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍នេសាទសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ សមិទ្ធផលជាវិជ្ជមានដែលគម្រោង និងសហគមន៍នេសាទទាំងអស់សម្រេចបានរួមមាន៖ បានធ្វើការកែសម្រួល និងបច្ចុប្បន្នភាពនៃផែនការគ្រប់គ្រងកន្លែងនេសាទរបស់ខ្លួន បានរៀបចំចងក្រងឯកសារ និងគោលការណ៍ណែនាំសំខាន់ៗដូចជា ការគ្រប់គ្រងនិងលើកកម្ពស់ជីវភាពសហគមន៍នេសាទ សហគ្រប់គ្រងធនធានជលផល ការបោះបង្គោលព្រំប្រទល់កន្លែងនេសាទសហគមន៍ ការកសាងនិងថែទាំហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារ ។ ទៀតសោត ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគម្រោង សហគមន៍នេសាទចំនួន ២៥នៃខេត្តស្ទឹងត្រែង បានទទួលសម្ភារល្បាត និងទូកម៉ាស៊ីនចំនួន ៥០គ្រឿង ហើយក៏កំពុងដំណើរការផ្តល់ការចំណាយប្រតិបត្តិការ និងការថែទាំដល់សហគមន៍ផងដែរ។