គណៈកម្មាធិការគ្រោះមហន្តរាយណែនាំអាជ្ញាធរពាក់ព័ន្ធត្រៀមជួយប្រជាពលរដ្ឋឆ្លើយតបនឹងគ្រោះធម្មជាតិ
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.គ.ម) បានចេញសារណែនាំដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការត្រៀមខ្លួន និងយកចិត្តទុកដាក់ខ្ពស់ក្នុងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ ជាពិសេសទឹកជំនន់ ដែលអាចកើតមានក្នុងរដូវវស្សានេះ។
ក្នុងនោះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានី-ខេត្តត្រូវប្រជុំពិនិត្យផែនការត្រៀមខ្លួន បែងចែកកងកម្លាំង និងបញ្ជាក់ទីតាំងទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋពេលមានគ្រោះថ្នាក់។ ត្រូវធានាថា ប្រជាពលរដ្ឋទទួលដំណឹងអំពីទីទួលសុវត្ថិភាពតាមរយៈប្រព័ន្ធប្រកាសឱ្យដឹងមុន (លេខ១២៩៤) និងបណ្តាញព័ត៌មានមូលដ្ឋាន។
អាជ្ញាធរឃុំ-សង្កាត់ត្រូវរៀបចំបញ្ជីគ្រួសារដែលងាយរងគ្រោះ (ដូចជាស្ត្រីមានផ្ទៃពោះ ចាស់ ពិការ និងកុមារ) ដើម្បីជួយជម្លៀសបានលឿន និងមានប្រសិទ្ធភាព។
ប្រធានលេខាធិការដ្ឋានរាជធានី-ខេត្តត្រូវបង្កើតក្រុមឆ្លើយតបដែលមានតំណាងពីមន្ទីរពាក់ព័ន្ធ ដើម្បីគ្រប់គ្រងស្ថានការណ៍ និងរំសាយក្រុមនៅពេលគ្រោះមហន្តរាយត្រូវបានដោះស្រាយ។
អាជ្ញាធរត្រូវរក្សាការតាមដានការព្យាករអាកាសធាតុ និងកម្ពស់ទឹកពីក្រសួងធនធានទឹក ដើម្បីរៀបចំការព្រមាន និងណែនាំប្រជាពលរដ្ឋទាន់ពេលវេលា។
អាជ្ញាធរមូលដ្ឋានត្រូវធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានសុវត្ថិភាព ដោយផ្តោតលើក្រុមដែលងាយរងគ្រោះ និងធានាថា ពលរដ្ឋទទួលដំណឹងតាមប្រព័ន្ធប្រកាសឱ្យដឹងមុន១២៩៤៕