អន្តរជាតិ

ថៃរៀបចំផែនការជម្លៀសប្រជាជនចេញពីតំបន់ព្រំដែនមានជម្លោះជាមួយកម្ពុជា

ខេត្តឧប្បលរាជធានី និងខេត្តស៊ីសាកេតរបស់ថៃ កំពុងរៀបចំផែនការជម្លៀសប្រជាជនចេញពីតំបន់ព្រំដែនជាប់កម្ពុជា បន្ទាប់ពីស្ថានការណ៍តានតឹងកើនឡើងខ្លាំង ដោយសារការបាញ់ប្រហារគ្នារវាងទាហានទាំងពីរប្រទេសនៅតំបន់មុំបី-ឆងបក ដែលធ្វើឲ្យទាហានកម្ពុជា១រូបស្លាប់។ នេះបើតាម​ការ​ចុះផ្សាយរបស់កាសែត The Nation របស់ថៃ។

ក្រសួងមហាផ្ទៃថៃបានបញ្ជាក់កាលពីថ្ងៃអង្គារ ទី៣ មិថុនា ថា អភិបាលខេត្តឧប្បលរាជធានី និងស៊ីសាកេត បានដឹកនាំកិច្ចប្រជុំថ្នាក់ខ្ពស់ ដើម្បីត្រៀមផែនការជម្លៀសប្រជាជនដែលរស់នៅជាប់ព្រំដែន ក្នុងករណីស្ថានភាពអាកាសភាពកាន់តែធ្ងន់ធ្ងរ។ លោក អនុធីន ឆានវីរៈគុល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឲ្យអាជ្ញាធរខេត្តពង្រឹងសន្តិសុខ និងការពារសហគមន៍មូលដ្ឋាន។

លោកស្រី ត្រៃស៊ូលី ត្រៃសូរ៉ាណាគុល (Traisulee Traisoranakul) អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់ថា “ការការពារជីវិតប្រជាពលរដ្ឋគឺជាអាទិភាពលំដាប់ទី១ ជាពិសេសនៅពេលដែលស្ថានភាពអាចវិវត្តទៅរកការប្រឈមមុខគ្នាយ៉ាងធ្ងន់ធ្ងរជាមួយកម្ពុជា។”

គួរជំរាបថា ស្ថានភាពក្តៅគគុករវាងកម្ពុជា និងថៃ បាន​កើតឡើងបន្ទាប់ពីក្រុមទាហានថៃមួយក្រុមបានលួចចូលដែនដីកម្ពុជា ហើយបាញ់ប្រហារយោធាកម្ពុជា​នៅតំបន់មុំបី-ឆងបក ដែលនាំឱ្យ​បាត់បង់ជីវិតទាហានកម្ពុជា១នាក់៕