សម្តេចតេជោ ៖ នាយករដ្ឋមន្រ្តីកម្ពុជា នឹងយកបញ្ហានៅមុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅតុលាការអន្តរជាតិ
ប្រធានព្រឹទ្ធិសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមថា បញ្ហានៅតំបន់មុំ៣ ក៏ដូចជាបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ក៏ដូចជាប្រាសាទតាក្របី នាយករដ្ឋមន្រ្តីកម្ពុជាដែលកំពុងកាន់អំណាចបច្ចុប្បន្ន គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងយកទៅកាន់តុលាការអន្តរជាតិតែម្តង។
សម្តេចតេជោ បញ្ជាក់ថា សម្តេចគាំទ្រទាំងស្រុងចំពោះ MoU ឆ្នាំ២០០០ ប៉ុន្តែវាហាក់ទៅមុខមិនរួច ដែលបង្កឱ្យមានភាពមិនច្បាស់លាស់រហូតមានការចោទប្រកាន់គ្នា និងជម្លោះប្រដាប់អាវុធច្រើនដងមកហើយ។
យ៉ាងណាក៏ដោយ សម្តេចបញ្ជាក់ថា ប្រសិនបើភាគីថៃមានចិត្តស្មោះត្រង់ចង់ដោះស្រាយពិតប្រាកដ គឺគួរតែឯកភាពដឹកដៃគ្នាទៅឱ្យតុលាការជួយកាត់សេចក្តីតែម្តង មិនចាំបាច់កម្ពុជាប្តឹងនោះទេ។
“យើងរង់ចាំមើលឥរិយាបទរបស់ថៃលើចំណុចនេះ តើហ៊ាន ឬមិនហ៊ាន? ក្នុងពេលរង់ចាំការដោះស្រាយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវមានការអត់ធ្មត់ តែក៏ត្រូវត្រៀមខ្លួនវាយបកគ្រប់ទម្រង់នៃការឈ្លានពាន”