ព័ត៌មានជាតិ

អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា រៀបចំទិវាបុណ្យសមុទ្រពិភពលោកឆ្នាំ២០២៤ នៅកោះរ៉ុង

អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា Fauna & Flora និងគម្រោង USAID អភិរក្ស ក្រោមការគាំទ្រពីក្រសួងបរិស្ថាន និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការរៀបចំទិវាបុណ្យសមុទ្រពិភពលោក ប្រកបដោយជោគជ័យ។ នេះបើតាមឱ្យដឹងពីអង្គការ Fauna & Flora – Cambodia Programme នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។

គោលបំណងចម្បងនៃការប្រារព្ធកម្មវិធីនេះឡើងគឺ ដើម្បីបង្កើនការយល់ដឹងឱ្យកាន់តែស៊ីជម្រៅដល់សហគមន៍មូលដ្ឋាន អំពីតួនាទីដ៏សំខាន់របស់មហាសមុទ្រ និងជំរុញការចូលរួមថែរក្សា ការពារ និងអភិរក្សជីវចម្រុះតំបន់ឆ្នេរឱ្យប្រសើរឡើង។ អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា Fauna & Flora សូមថ្លែងអំណរគុណដល់អភិបាលក្រុងកោះរ៉ុង រដ្ឋបាលជលផលកំពង់សោម វិទ្យាល័យព្រែកស្វាយ សហគមន៍នេសាទ មូលនិធិសង្សារ Khmer Dive Group និងBubbles Up and Dive Shop សម្រាប់ការគាំទ្រ និងការសហការយ៉ាងល្អ។

ក្នុងពិធីនោះក៏មានការចូលរួមពីដៃគូរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល សហគមន៍មូលដ្ឋាន និងសិស្សវិទ្យាល័យក្នុងសកម្មភាពសំខាន់ៗរយៈពេលមួយថ្ងៃពេញ រួមមានការសម្អាតសំរាមប្លាស្ទិកតាមឆ្នេរ និងក្នុងសមុទ្រ និងការសិក្សាអំពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ៕