សង្គម

តុលាការបំភ្លឺថា ពុំមានករណីដោះលែងជនបង្កបើករថយន្តបុកមនុស្សស្លាប់ ៤នាក់ស្លាប់នៅក្រោមស្ពានអាកាសឫស្សីកែវនោះទេ

ក្រោយពីមានការផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមនានាដែលថា មានការដោះលែងជនបង្កដែលបើក​រថយន្ត​បុក​មនុស្ស​ស្លាប់​៤នាក់​នៅក្រោម​ស្ពានអាកាសឬស្សីកែវ សាលា​ដំបូង​រាជធានីភ្នំពេញ បានចេញធ្វើការបដិសេធ ដោយថា មិន​មានករណីនេះកើតឡើងទេ។

តាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ តាមខ្លឹមសារដែលផ្សាយរបស់គេហទំព័រ និងបណ្តាញសង្គមនានា គឺជាព័ត៌មានមិនពិតដែលធ្វើឱ្យសាធារណជនមានការយល់ច្រឡំ និងប៉ះពាល់ដល់នីតិវិធីចំណាត់ការសំណុំរឿងរបស់ស្ថាប័នតុលាការ។

សាលាដំបូងរាជធានីភ្នំពេញអះអាងថា បច្ចុប្បន្ននេះជនបង្កត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគាររាជធានីភ្នំពេញ។ សាលាដំបូងរាជធានីភ្នំពេញបានតម្រូវឱ្យគេហទំព័រ និងបណ្តាញសង្គមនានា កែតម្រូវខ្លឹមសារដែលផ្សព្វផ្សាយ បើមិនដូច្នោះទេសាលាដំបូងរាជធានីភ្នំពេញនឹងមានចំណាត់ការតាមនីតិវិធីច្បាប់។

គួររំលឹកថាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យយុវជនចំនួន ៤នាក់ស្លាប់នៅក្រោមស្ពានអាកាសឫស្សីកែវ បានកើតឡើងនៅយប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤៕