ករណីចាក់ថ្មចូលទន្លេមេគង្គ អាជ្ញាធរខេត្តកំពង់ចាមកំពុងដាក់ពាក្យបណ្តឹងទៅតុលាការ
ករណីម្ចាស់ទីតាំងចាក់ដីចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ពេលនេះអាជ្ញាធរខេត្តបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការហើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម។
ចំពោះករណីនេះដែរ បើតាមលោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ ម្ចាស់ទីតាំងបានដាក់គ្រឿងចាក់កាយយកថ្មទាំងនោះឡើងមកវិញជាបណ្តើៗហើយ។ ដំណើរការនោះ ចាប់ផ្តើមតាំងតែពីថ្ងៃ២៥កុម្ភៈ ដោយម្ចាស់ទីតាំងបានរាយការណ៍បឋមដល់អាជ្ញាធរថា នៅថ្ងៃទី២៥បានដឹងថ្មចេញប្រមាណបានជាង២០រថយន្ត។ ជាមួយគ្នានោះ ម្ចាស់ទីតាំងអះអាងថា នឹងធ្វើការកាយទាំងយប់ទាំងថ្ងៃដោយបន្ថែមគ្រឿងចាក់គោលបំណងឱ្យបញ្ចប់មុនកាលកំណត់ដែលអាជ្ញាធរដាក់ឱ្យ៧០ថ្ងៃ។ ពោលគឺចង់ឱ្យសម្រេចត្រឹមរយៈពេល១០ ឬជាង១០ថ្ងៃប៉ុណ្ណោះ។
លោកអភិបាលរងបន្តថា ករណីនេះជាវិធានការដែលរដ្ឋបាលបានដាក់ចេញរួមមាន ៖ ទី១.វិធានការរដ្ឋបាលកាយថ្មចេញ។ និងទី២.គឺវិធានការច្បាប់ ដោយវិធានការច្បាប់នេះ យើងបានដាក់ពាក្យបណ្តឹងទៅអយ្យការរួចហើយ ហើយកិច្ចការងារជំនាញរបស់អយ្យការ។
សូមជម្រាបថា ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃសៅរ៍ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា ជនណាដែលចាក់ថ្មចូលផ្ទៃទន្លេ ដើម្បីចាក់ខ្សាច់លុបនឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេហើយជាបទល្មើស ដែលមានបញ្ញត្តនៅក្នុងមាត្រា៣៦នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅកម្ពុជា។ មាត្រា៣៦នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកចែងថា អ្នកដែលចាក់ដី ឬថ្មចូលលុបទន្លេ នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥លានរៀល ដល់១០លានរៀល ឬដាក់ពន្ធនាគារពី១ ឆ្នាំដល់៥ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាលត្រូវផ្តន្ទាទោសទ្វេមួយជាពីរ។
គួររំឭកថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានពីការចាត់វិធានការជាបន្ទាន់ករណី ឧកញ៉ា ទន់ ឆៃអ៊ាង បានចាក់ថ្មចូលទន្លេមេគង្គប្រុងយកធ្វើជាកម្មសិទ្ធិ ដោយអាជ្ញាធរបានហៅលោកមកផ្តិតមេដៃបញ្ឈប់ជាបន្ទាន់ និងឱ្យកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។ ក្នុងនោះរដ្ឋបាលខេត្ត ក៏បានដាក់ចេញវិធានការចំនួន៣ផងដែរ៕