សង្គម

អគ្គិភ័យឆាបឆេះរោងចក្របោកគក់មួយនៅស្រុកកៀនស្វាយ ព្រឹកមិញស្លាប់មនុស្សម្នាក់

អគារោងចក្របោកគក់មួយនៅស្រុកកៀនស្វាយ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីវេលាម៉ោង ៦:៥៥នាទីព្រឹក ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ១ ក្នុងភូមិឫស្សី ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រោងចក្រនេះ ជារោងចក្រកាត់ដេរខោខូវបយ និងបោកគក់ ហើយអគារអគ្គិភ័យឆាបឆេះជាអគាបោកគក់ សង់ពីគ្រោងដែក ជញ្ជាំងបេតុង ប្រក់ស័ង្កសី ទំហំ៤០ម៉ែត្រ x ១២០ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ខាងក្នុងទាំងស្រុង ទោះជាសមត្ថកិច្ចខិតខំជួយសង្គ្រោះប្រើប្រាស់រថយន្តទឹកជាច្រើគ្រឿងក៏ដោយ និងបណ្តាលឱ្យស្ត្រីម្នាក់បាត់ជីវិតក្នុងភ្នក់ភ្លើងយ៉ាងអាណោចអាធម្ម តែមិនទាន់ដឹងថា ជាកម្មការិនី ជនជាតិខ្មែរ ឬជាជនជាតិចិន នៅឡើយទេ ដោយសមត្ថកិច្ចកំពុងធ្វើការពិនិត្យកោសល្យវិច័យ។

ចំពោះមូលហេតុ សង្ស័យផ្ទុះឡចំហាយទឹក ឬទុស្សេចរន្តភ្លើង តែសម្ភារ គ្រឿងបំពាក់ អីវ៉ាន់ ក្នុងអគារត្រូវបានភ្លើងឆេះអស់ទាំងស្រុង។ គិតមកដល់វេលាម៉ោង ១១ព្រឹក ភ្លើងមិនទាន់រលត់ទាំងស្រុងនៅឡើយទេ៕