ព័ត៌មានជាតិ

សប្តាហ៍នេះ ត្រីប្រហុកត្រូវ រដ្ឋបាលជលផលជូនដំណឹងដល់ពលរដ្ឋរួសរាន់ទិញ

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងដល់ពលរដ្ឋដែលមានបំណងប្រហុក ផ្អក អាចមកទិញត្រី តាមពេលវេលា និងទីកន្លែង ដែលបានជូនដំណឹង ខណៈរដូវត្រីត្រូវមានរយៈពេលមួយសប្តាហ៍។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣បានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្ដើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និង រាជធានីភ្នំពេញ ពីថ្ងៃអង្គារ ទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

រដ្ឋបាលជលផលអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលា និងទីកន្លែងជូនដំណឹងខាងលើនេះ។

ទន្ទឹមនេះ រដ្ឋបាលជលផលក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធ ឱ្យជួយ សម្រួលជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រីដោយរលូន តាមការគួរ៕