ចាប់ពីដើមឆ្នាំ២០២៥ ដីមិនប្រើប្រាស់ក្រោម៥ហិកតា នឹងទទួលបានការលើកលែងពន្ធ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា បានបញ្ជាក់ថា ចាប់ពីដើមឆ្នាំ២០២៥ទៅ ដីមិនប្រើប្រាស់ក្រោម៥ហិកតា នឹងត្រូវទទួលបានការលើកលែងពន្ធ។
សម្តេចធិបតី មានប្រសាសន៍ថា ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធអចលនទ្រព្យ។ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ៥ហិតាក្នុងមួយកន្លែង។
ការលើកលែង និងលក្ខខណ្ឌបន្ធូរបន្ថយពន្ធលើដីមិនប្រើប្រាស់ ជាការបញ្ចៀសការយកពន្ធត្រួតគ្នា និងមិនឱ្យប៉ះពាល់ដល់ប្រជាជនទូទៅ
ប្រមុខរដ្ឋាភិបាល អះអាងថា គោលដៅនៃការដាក់ពន្ធ គឺធ្វើយ៉ាងម៉េចកុំឱ្យដីទុកចោលធំពេក ដោយសម្តេចណែនាំឱ្យម្ចាស់ដីយកដីទៅប្រើប្រាស់ដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ច ជាជាងការទុកចោលឱ្យនៅទំនេរ។
ចំពោះដីទំហំលើស៥ហិកតា អាចរួចពន្ធក្នុងលក្ខខណ្ឌមួយចំនួន រួមមាន ដីកសិកម្មកំពុងបង្កបង្កើនផល ដីបម្រើសកម្មភាពសេដ្ឋកិច្ច ដែលមានលិខិតស្នាមច្បាស់លាស់, ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាល ឬស្ថាប័នរបស់រដ្ឋាភិបាល, ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍, ដីដែលរដ្ឋជួលសម្រាប់សកម្មភាពសេដ្ឋកិច្ចផ្សេងៗតាមកិច្ចសន្យា, ដីក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម, ឧស្សាហកម្ម និងសេវាកម្ម និងដីដែលចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាសក្នុងវិស័យអប់រំ សិក្សាធិការ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំលឹកថា ក្នុងករណីដីដែលបានសុំរួចពន្ធហើយ ប៉ុន្តែមិនមានសកម្មភាព ដូចជាសុំធ្វើសាលា ប៉ុន្តែជាមិនធ្វើ ហើយលក់ចេញដោយសារត្រូវប៉ាន់ ម្ចាស់ដីត្រូវតែបំពេញកាតព្វកិច្ចបង់ពន្ធជាធរមាន៕