ព័ត៌មានជាតិ

ក្រសួងស្នើពលរដ្ឋរស់​នៅ​ភូមិសាស្រ្តជួរភ្នំដងរែក និង​ខ្ពង់រាបឦសានប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះអាកាសធាតុត្រជាក់

ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ​ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ​​ ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹកដល់១៦អង្សាសេ។

បើតាមក្រសួងធនធានទឹក និងឧតុនិយម បច្ចុប្បន្នទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនបន្តរំកិលចុះមកក្រោម គ្របដណ្តប់មកលើភាគឦសាន និងភាគខាងកើតប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីខ្សោយទៅមធ្យម។​​ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤​​ នៅតំបន់វាលទំនាបមានសីតុណ្ហភាពអប្បបរមាពី២១-២៣ និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥អង្សាសេ ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រក្នុងមួយវិនាទី។

រីឯតំបន់ខ្ពង់រាប​​​ មានសីតុណ្ហភាពអប្បបរមាពី១៦-២២អង្សាសេ សីតុណ្ហភាពអតិបរមាពី៣២-៣៤អង្សាសេហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៦ម៉ែត្រក្នុងមួយវិនាទី​​ ខេត្តមណ្ឌលគិរី រតនគិរី និងខេត្តព្រះវិហារ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៨អង្សាសេ​​។

ដូច្នេះសូមប្រុងប្រយ័ត្នថែរក្សាសុខភាព ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ។ ដោយទ្បែក​​ តំបន់មាត់សមុទ្ទ​​ មានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាពី៣២-៣៤អង្សាសេ ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៣-៥ម៉ែត្រក្នុងមួយវិនាទី​ ​រលកសមុទ្ទមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ៕