ព័ត៌មានជាតិ

ខឹងគេជិះម៉ូតូប៉ះរថយន្ត ទះ៥កំផ្លៀង និងទារសំណង៥រយដុល្លារ តែចុងក្រោយម្ចាស់ម៉ូតូប្តឹងទារ៣ពាន់ដុល្លារ

នារីម្នាក់ដែលគេស្គាល់ថា ជាម្ចាស់រថយន្តស៊េរីទំនើបមួយគ្រឿងចិត្តក្ដៅ​​ ទះបុរសម្នាក់៥កំផ្លៀង​​​ និងទារសំណង៥០០ដុល្លារអាម៉េរិក ក្រោយបុរសរូបនោះជិះម៉ូតូជ្រុលទៅប៉ះរថយន្តខ្លួនបណ្តាលឱ្យឆ្កូតថ្នាំរថយន្ត ខណៈម្តាយម្ចាស់ម៉ូតូប្តឹងទារ៣០០០ដុល្លារអាម៉េរិកវិញ ថ្លៃទះកំផ្លៀងកូនគាត់។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ មុខមន្ទីរពហុព្យាបាល និងសម្ភពឥន្ទ្រទេវី១ ស្ថិតក្នុងមូលដ្ឋានស្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីបុរសខាងលើ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៥ព្រឹក រូបគេបានជិះម៉ូតូម៉ាក NEX ពាក់ស្លាកលេខភ្នំពេញ ១GW.៥៧០២ ទើបតែចេញពីធ្វើការ ធ្វើដំណើរតាមបណ្ដោយផ្លូវបឹងកក់ ពីខាងត្បូងទៅខាងជើង លុះដល់ចំណុចផ្លូវបំបែកជាបីរូបគេ ក៏បានបិទមួកសុវត្ថិភាព ខណៈនោះក៏រេចង្កូតទៅប៉ះរថយន្តមួយគ្រឿងម៉ាកលុចសុីស៥៧០ពាក់ស្លាកលេខកម្ពុជា CEO.TGN១ ដែលចតទុកចោលនៅមុខមន្ទីរពហុព្យាបាល និងសម្ភពឥន្ទ្រទេវី១ បណ្ដាលឱ្យរថយន្តនោះឆ្កូតថ្នាំបន្តិច។ ភ្លាមៗ រូបគេក៏បានចូលទៅសំពះសុំទោស​ និងរកដំណោះស្រាយជាមួយម្ចាស់រថយន្ត ប៉ុន្តែត្រូវម្ចាស់រថយន្តជេរប្រមាថ​​​ ហើយទះ៥កំផ្លៀង និងទារសំណង៥០០ដុល្លារអាម៉េរិក បន្ទាប់មកនារីដែលជាម្ចាស់រថយន្តបានដកសោម៉ូតូចេញ រួចយកច្រវាក់មកចាក់ម៉ូតូទុកចោលនៅមុខបន្ទប់ ហើយដើរចូលទៅក្នុងមន្ទីរពហុព្យាបាល និងសម្ភពឥន្ទ្រទេវី១បាត់តែម្ដង។

លុះដល់ម៉ោង១០:៥០នាទីថ្ងៃដដែល ម្ដាយជនរងគ្រោះបានមកដល់ទីតាំងកើតហេតុ បានបញ្ជាក់ថា រថយន្តដែលរងការខូចខាតនោះ គាត់នឹងចេញសំណងសង៥០០ដុល្លារអាម៉េរិក។ ប៉ុន្តែគាត់នឹងប្ដឹងម្ចាស់រថយន្តដែលទះកំផ្លៀងទៅលើកូនប្រុសរបស់គាត់ ដោយទារសំណង ៣០០០ដុល្លារវិញ។ គួរបញ្ជាក់ថា​ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការសម្របសម្រួលភាគីទាំងសងខាង ទម្រាំតែម្ចាស់រថយន្តព្រមធ្វើការរកដំណោះស្រាយ និងបានព្រមសងសំណងទៅភាគីខាងម៉ូតូចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿង ប៉ុន្តែម្ដាយរបស់ក្មេងប្រុស ដែលត្រូវម្ចាស់រថយន្តទះចំនួន៥កំផ្លៀងមិនព្រមទទួលនោះទេ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *