រោងចក្រ សហគ្រាសចំនួន ២៥ កន្លែង គ្រោងនឹងបង្កើតឡើងនៅក្នុងខេត្តកំពង់ស្ពឺ នាចុងឆ្នាំ២០២៣នេះ
រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសឱ្យដឹងថា រោងចក្រ សហគ្រាសចំនួន២៥ កន្លែងទៀតគ្រោងនឹងបង្កើតឡើងនៅក្នុងខេត្តនេះនាចុងឆ្នាំ២០២៣ខាងមុខដែលជំហានដំបូងគឺត្រូវការកម្លាំងពលកម្មប្រមាណជា ២៣ ០០០កន្លែង។
ការប្រកាសដូចនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៤ ខែសីហា ក្នុងកំលុងពេលដែលឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ និងពិនិត្យច្រវាក់ផលិតកម្មតាមបណ្តារោងចក្រ សហគ្រាស នៅខេត្តក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន។
រដ្ឋបាលខេត្តកំពង់ស្ពឺបានលើកឡើងថា ជាលទ្ធផលគណៈប្រតិភូបានជួបពិភាក្សាការងារ និងទស្សនកិច្ចផ្ទាល់នៅសួនឧស្សាហកម្ម SITOY GROUP ស្ថិតនៅសង្កាត់ ហូវជៀក ក្រុងតុងហ្គ័ន ដែលមានបួនរោងចក្រ សហគ្រាស។
សួនឧស្សាហកម្មទាំងនេះ កំពុងផលិតកាបូបម៉ាកយីហោល្បីៗសម្រាប់នាំចេញទៅក្រៅប្រទេស ហើយម៉ាកយីហោទាំងអស់នេះ នឹងទៅបង្កើតរោងចក្រនៅខេត្តកំពង់ស្ពឺផងដែរ៕