ឆមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសជាសមាជិកអាស៊ាន សម្រេចបានជាង ៧ពាន់លានដុល្លារ
ឆមាសទី១ ឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយប្រទេសជាសមាជិកអាស៊ាន សម្រេចបានជាង ៧ពាន់លានដុល្លារ ថយចុះ១៧ភាគរយ ក្នុងនោះ កម្ពុជា នាំចេញក្នុង ទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារ និងនាំចូលមានប្រមាណ៤ពាន់លានដុល្លារ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំ ពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន ក្នុងឆមាសទី១ ឆ្នាំនេះ សម្រេចបានជាង ៧ពាន់លានដុល្លារអាម៉េរិក ថយចុះ ១៧ភាគរយ ក្នុងនោះ កម្ពុជា នាំចេញ ក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារអាម៉េរិក កើនឡើង ៣៦ភាគរយ និងនាំចូលមាន ប្រមាណ៤ពាន់លានដុល្លារអាម៉េរិក ថយចុះ៣១ភាគរយ។
ការនាំចេញរបស់កម្ពុជា ជាមួយបណ្ដាប្រទេសអាស៊ានរួមមាន៖ វៀតណាម ជាង១ពាន់ ៤រយលានដុល្លារ កើនឡើង២២ភាគរយ នាំចូលមានប្រមាណ ១ពាន់៨រយលានដុល្លារ ថយចុះ១០ភាគរយ, ប្រទេសថៃ ៥២៧លានដុល្លារ កើន៦ភាគរយ នាំចូលមានប្រមាណ ១ពាន់៤រយលានដុល្លារ ថយចុះ ២០ភាគរយ, សិង្ហបុរី មានចំនួន ៤១៥លានដុល្លារអាម៉េរិក កើនឡើងប្រមាណ៥០០ភាគរយ នាំចូលមានប្រមាណ ៣៧១ ថយចុះ៨២ភាគរយ។
ជាមួយគ្នានោះដែរ ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសនៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP មានការកើនឡើង ២៤ភាគរយ ក្នុងទំហំទឹកប្រាក់ជាង ៤ពាន់លានដុល្លារ និងនាំចូលវិញ មានជាង ១០ពាន់ លានដុល្លារ ធ្លាក់ចុះប្រមាណ ១៧ភាគរយ។ក្នុងកម្មវិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជា ប្រធានអាស៊ាន បានលើកឡើងថា សេដ្ឋកិច្ចអាស៊ាន កំពុងងើបឡើងវិញ ក្នុងរយៈពេល ៣ឆ្នាំនេះ ជាមួយនឹងកំណើនGDP ក្នុងអត្រា ៣.១ភាគរយ ក្នុងឆ្នាំ២០២១ នឹងការរំពឹងទុកថា នឹងកើនដល់ ៥.៣ភាគរយ ក្នុងឆ្នាំ២០២២ និង៤.៩ភាគរយ ក្នុងឆ្នាំ២០២៣។
យោងតាមការវាយតម្លៃ និងព្យាករណ៍របស់ ការិយាល័យ ស្រាវជ្រាវម៉ា ក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO), សេដ្ឋកិច្ចអាស៊ានកំពុងងើបឡើងវិញ ជាមួយ នឹងការ សម្រេចបាននូវកំណើនផលិតផល ក្នុងស្រុកសរុប (GDP) ក្នុងអត្រា ៣,១ភាគរយ ក្នុងឆ្នាំ២០២១ ជាមួយនឹងការរំពឹង ទុកនូវកំណើនក្នុងអត្រា ៥,៣ភាគរយ និង ៤,៩ភាគរយ ក្នុងឆ្នាំ២០២២ និង ២០២៣ រៀងគ្នា។
គួរបញ្ជាក់ថា អាស៊ានគឺជាទីផ្សារធំទី៣ក្នុងតំបន់អាស៊ី និងជាទីផ្សារធំទី៦របស់ ពិភពលោក។ រំហូរទុនវិនិយោគមកក្នុងតំបន់អាស៊ាន បានងើបឡើងវិញគួរឱ្យកត់សម្គាល់ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧០ ប៊ីលានដុល្លារអាម៉េរិកនៅឆ្នាំ២០២១ ដែលចំនួននេះ ស្មើនឹងរំហូរទុនវិនិយោគសរុបនៅឆ្នាំ២០១៩ មុនពេលតំបន់អាស៊ានទាំងមូលទទួលរងនូវ ផលប៉ះពាល់ពីជម្ងឺជំងឺកូវីដ-១៩៕