ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍ជាតិ​ និងអន្តរជាតិ កត់សម្គាល់ថា ដំណើរការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនានា មានតម្លាភាព សេរីត្រឹមត្រូវ​ និងយុត្តិធម៌

ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ​បានកត់សម្គាល់ឃើញថា ដំណើរការបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនានា មានតម្លាភាព សេរី​យុត្តិធម៌​ និងត្រឹមត្រូវល្អ ខណៈដែលមានចំនួនប្រជាពលរដ្ឋទៅបោះឆ្នោតមានចំនួនរហូតដល់ជាង ៨៤,៥៨%បើប្រៀបធៀបនឹងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមានប្រជាជននៅឆ្នាំ២០២២ ចេញទៅបោះឆ្នោតប្រមាណ ៨០,៣២%។

ការលើកឡើងឲ្យដឹងពីតំណាងអ្នកសង្កេតការណ៍ជាតិ​ និងអន្តរជាតិបែបនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន នៅ២៣ កក្កដា ឆ្នាំ២០២៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាសណ្ឋាគារ Hyatt Regency Phnom Penh រៀបចំដោយវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

តំណាងអ្នកសង្កេតការណ៍ជឿជាក់ថា ប្រជាជនកម្ពុជា អ្នកនយោបាយ នឹងបន្តលើកកម្ពស់ការពារ អនុវត្តលទ្ធិប្រជាធិបតេយ្យ តាមរយៈការបើកចំហរ និងពិភាក្សាគ្នាដោយសន្តិវិធីប្រកបដោយការស្ថាបនា ស្របពេលដែលការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានសន្តិភាព តម្លាភាព សេរី និងយុត្តិធម៌។

ម្យ៉ាងវិញទៀត តំណាងអ្នកសង្កេតការណ៍បានលើកឡើងថា អ្នកបោះឆ្នោតមកបោះឆ្នោត មិនឃើញមាននរណាម្នាក់ បង្ហាញពីការភ័យខ្លាច ដូចត្រូវបានគេគំរាមកំហែង ឬមានការបារម្ភអ្វីសោះឡើយ គ្រាដែលមានយុវជន បានចូលរួមសង្កេតការណ៍រួមគ្នាជាច្រើន ដោយបើកចំហរ មិនមានការលាក់បាំងអ្វីនោះទេ។ សកម្មភាពទាំងនេះ បានបង្ហាញពីភាពរឹងមាំ និងភាពចាស់ទុំផ្នែកនយោបាយនៅកម្ពុជា។

សូមជម្រាបថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) បានសម្របសម្រួលការងារ អ្នកសង្កេតការណ៍ជាតិ ចំនួន៣៦០នាក់ អញ្ជើញមកពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគមជាតិចំនួន៩០ (សម្រាប់ ២៥រាជធានី-ខេត្ត) និងអ្នកសង្កេតការណ៍ អន្តរជាតិចំនួន ៥៦នាក់ មកពី ៧ស្ថាប័ន (១០ប្រទេស) ដើម្បីចូលរួមសង្កេតការ ដំណើរការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *