មន្ត្រីយោធានៅខេត្តក្រចេះម្នាក់ បើករថយន្តដេញគំរាមអ្នកសារព័ត៌មាន ក្រោយថតសកម្មភាពឈូសឆាយដីភ្នំរបស់ខ្លួន
មន្ត្រីយោធាម្នាក់រួមជាមួយបក្ខពួក២នាក់ផ្សេងទៀត បានធ្វើសកម្មភាពបើករថយន្តពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម តាមគំរាមកំហែងអ្នកសារព័ត៌មាន បន្ទាប់ពីពួកគេបានថតសកម្មភាពគ្រឿងចក្រឈូសឆាយកាយដីភ្នំព្រិច ស្ថិតនៅក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ កាលពីសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។
ក្រុមអ្នកសារព័ត៌មានបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋនៅមូលដ្ឋានបានរាយការណ៍ថាមានសកម្មភាពឈូសឆាយដីភ្នំ ពួកគេក៏បាននាំគ្នាជិះរថយន្តទៅពិនិត្យនៅទីតាំងដែលប្រជាពលរដ្ឋបានរាយការណ៍នោះ និងបានឃើញសកម្មភាពគ្រឿងចក្រកំពុងកាយដីថ្មភ្នំព្រិចយ៉ាងពិតប្រាកដ។ ក្រោយមកក្រុមអ្នកសារព័ត៌មាន នាំគ្នាចុះថតរូបភាព និងវីដេអូ ហើយក៏ត្រូវបានអ្នកបើកគ្រឿងចក្រមើលឃើញ និងរាយការណ៍ទៅអ្នកដែលបានបញ្ជាឱ្យមកគាស់កាយ។ ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នោះ បានឱ្យដឹងថា ក្រោយថតរូបភាព និងវីដេអូរួច ក្រុមអ្នកការសែតទាំងនោះ បាននាំគ្នាជិះរថយន្តចេញមកវិញ ក៏ត្រូវមន្ត្រីយោធាម្នាក់ដែលគេស្គាល់ឈ្មោះថា កែវ សំអាន នៅអង្គភាព(គ២)ចំណុះឱ្យវរៈសេនាតូចលេខ១ និងបក្ខពួក២នាក់ទៀតដេលជាកូនចៅ បានបើករថយន្ត-ម៉ូតូដេញឃាត់ និងគំរាមឱ្យអ្នកសារព័ត៌មានលុបរូបភាព វីដេអូចេញពីកាមេរ៉ា លុះដល់ក្រុមអ្នកសារព័ត៌មានមិនព្រមលុប មន្ត្រីយោធារូបនោះបានគំរាមកំហែងពីសុវត្ថិភាពថែមទៀតផង។
ជាមួយគ្នានោះ លោក កែវ សំអាន ដែលជាមន្ត្រីយោធា បានអះអាងថា លោកមានលិខិតស្នាមត្រឹមត្រូវគ្រប់គ្រាន់ ពីអាជ្ញាធរសមត្ថកិច្ច។
យ៉ាងណាក៏ដោយចំពោះករណីឈូសឆាយដីភ្នំនេះ លោក សាម ណាល់ អភិបាលស្រុកស្នួល បាននិយាយថា «រឿងខាងលើហ្នឹង…! លោកបានឱ្យក្រុមការងារពិនិត្យមើល និងផ្ទៀងផ្ទាត់ហើយ ថាតើវាមានពាក់ព័ន្ធទៅនឹងដីសហគមន៍ភ្នំព្រិច ឬក៏អត់ បើជាប់ពាក់ព័ន្ធនឹងដីសហគមន៍ នោះសកម្មភាពត្រូវតែផ្អាក»៕