ព័ត៌មានជាតិ

ក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ចាប់ផ្តើមជាផ្លូវការ នៅរដ្ឋធានីហ្សាកាតា

កាលពីល្ងាចថ្ងៃទី០១ ខែមេសា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាប់ផ្ដើមនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ដោយមានអ្នកចូលរួមប្រមាណ៤០០នាក់។

ពិធីដង្ហែជុំវិញពហុកីឡដ្ឋានជាតិឥណ្ឌូណេស៊ី (Gelora Bung Karno) ក្រោមវត្តមាន លោក ហោ សារុន បេសកជនពិសេស CAMSOC, លោក អ៊ីវ ហ៊ាង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូណេស៊ី, លោក មហាឌីជ័រ អ៊ីហ្វិនឌី Muhadjir Effendy រដ្ឋមន្ដ្រីស្ដីទីក្រសួងយុវជន និងកីឡាឥណ្ឌូណេស៊ី និងលោក រ៉ាចា សាបតា អុតូហារី Raja Sapta Oktohari ប្រធានគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូណេស៊ី។

លោក ហោ សារុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះកិច្ចសហការប្រតិបត្តិការរបស់ភាគីឥណ្ឌូណេស៊ី ក្នុងការរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា ក៏ដូចជាថ្នាក់ដឹកនាំ មន្ដ្រីទូត និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមរត់ដង្ហែ និងអបអរសាទរពិធីដ៏មានអត្ថន័យនេះ ។ លោកបន្ដថា «កម្ពុជា និងឥណ្ឌូណេស៊ី មានទំនាក់ទំនងជាមួយគ្នាស្ទើរតែគ្រប់វិស័យ ក្នុងនោះវិស័យកីឡាក៏មានតួនាទីសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។ ពិធីដង្ហែព្រះអគ្គីកីឡានាថ្ងៃនេះ គឺជាសក្ខីភាពមួយទៀត បញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការលើកកម្ពស់ស្មារតីកីឡា និងបណ្តុះទឹកចិត្តស្រឡាញ់កីឡា ជាពិសេស លើកកម្ពស់ស្មារតីកីឡាអាស៊ីអាគ្នេយ៍ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចម្ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្នុងឆ្នាំ២០២៣»។

លោកបន្ថែមថា «កម្ពុជា មិនត្រឹមតែបានត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមប៉ុណ្ណោះទេ កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរ និងអ្នកទស្សនាផងដែរ។ កម្ពុជាក៏បានចាត់ទុកឆ្នាំ២០២៣ ជាឆ្នាំប្រកបដោយអត្ថន័យដ៏សំខាន់ និងជាឆ្នាំដ៏ល្អសម្រាប់ទេសចរមកទស្សនាកម្ពុជា ហើយកម្ពុជាក៏បានដាក់ចេញយុទ្ធនាការ។ កីឡាគាំទ្រទេសចរណ៍ ទេសចរណ៍គាំទ្រកីឡា កីឡាលើកកម្ពស់ទេសចរណ៍ ទេសចរណ៍លើកកម្ពស់កីឡា»។

គួរដឹងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាននេះ កើតឡើងក្រោយព្រះរាជពិធីសុំព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ដែលប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២១ ខែមីនាកន្លងទៅ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *