សម្តេចទៀ បាញ់ប្រាប់កងយោធពល ខេមរភូមិន្ទថាត្រូវត្រៀមលក្ខណៈដើម្បី អនុវត្តបទបញ្ជាថ្នាក់លើក្នុង ការការពារនិងទប់ស្កាត់រាល់ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
សម្តេច ទៀ បាញ់រដ្ឋមន្រ្តីក្រសួងការពារជាតិបានប្រាប់កងយោធពលខេមរភូមិន្ទថាត្រូវត្រៀមលក្ខណៈឱ្យបានស្រេច ដើម្បីអនុវត្តបទបញ្ជាថ្នាក់លើក្នុងការការពារ និងទប់ស្កាត់ រាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ការប្តេជ្ញាអនុវត្តបទបញ្ជារបស់ប្រមុខការពារជាតិរូបនេះ គឺបន្ទាប់ពីប្រមុខរដ្ឋាភិបាល សម្តេចហ៊ុន សែន នៅថ្ងៃទី៧តុលា បានព្រមានថា នឹងបញ្ចេញកម្លាំងទ័ព ហើយអនុញ្ញាតឲ្យប្រើអាវុធទំនើបៗ ដើម្បីទប់ស្កាត់គ្រប់សកម្មភាព ដែលគាំទ្រ លោក សម រង្ស៊ី ក្នុងការវិលចូលស្រុកវិញ ចាប់ពីពេលនេះរហូតដល់ថ្ងៃ៩វិច្ឆិកាខាងមុខ ។ខណៈសម្តេចបញ្ជាឲ្យបន្តចាប់ខ្លួនសកម្មជនបក្សប្រឆាំងដោយមិនបន្ធូរដៃ។ចំណែក លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកនៅថ្ងៃទី៨តុលា ដោយដកស្រង់ពីសារព័ត៌មាន រ៉យទ័រថា «ការទាមទារឲ្យ ហ៊ុន សែន ចុះចេញពីតំណែង គឺជាការទាមទារមួយដ៏ស្របច្បាប់ ពីព្រោះគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងតែមួយគត់ ត្រូវបាន ហ៊ុន សែន រំលាយ ហើយ ហ៊ុន សែន មិនយល់ព្រមឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងពេលខាងមុខ។ ដូច្នេះ ការងើបឈរដោយប្រជារាស្ត្រ ដើម្បីផ្តួលរំលំរបបផ្តាច់ការ និងខុសច្បាប់សព្វថ្ងៃ គឺជាជម្រើសតែមួយគត់ សម្រាប់អ្នកប្រជាធិបតេយ្យខ្មែរ ដែលចង់បានការផ្លាស់ប្តូរឈានទៅរកលទ្ធិប្រជាធិបតេយ្យ»។សម្រាប់សម្តេចហ៊ុន សែន បានថ្លែងថា ការគាំទ្រ លោក សម រង្ស៊ី វិលចូលស្រុកវិញគឺជា«ទង្វើរដ្ឋប្រហារ» បានឆ្លងផុតបន្ទាត់ក្រហមហើយ ដែលចាំបាច់ត្រូវប្រើកម្លាំងទ័ព បន្ថែមពីលើកម្លាំងនគរបាល ដើម្បីទប់ស្កាត់កុំឲ្យផែនការនោះបានសម្រេច។បើតាម សម្តេចហ៊ុន សែន ការដែលលោក សម រង្ស៊ី ប្រកាសថាខ្លួននឹងផ្តល់ថវិកាដល់កងទ័ពដែលព្រមចុះចូលជាមួយបក្សប្រឆាំងនោះ គឺជាហេតុផលមួយដែលសម្តេចត្រូវបញ្ចេញកម្លាំងទ័ពដោយអនុញ្ញាតឲ្យប្រើអាវុធទំនើបៗដើម្បីទប់ស្កាត់សកម្មភាពគាំទ្រមេដឹកនាំបក្សប្រឆាំងរូបនេះ។លើសពីនេះទៀត សម្តេចនាយករដ្ឋមន្រ្តីបានបញ្ជាឲ្យបន្តតាមចាប់ខ្លួនអ្នកដែលបង្ហោះសារតាមហ្វេសប៊ុកគាំទ្រ ការវិលត្រឡប់របស់ លោក សម រង្ស៊ី ដោយសម្តេចហ៊ុន សែន ចាត់ទុកថា ជាអំពើក្បត់ដែលត្រូវចាប់ខ្លួនមកកាត់ទោសឲ្យបានធ្ងន់ធ្ងរ។ជាមួយគ្នានោះ សម្តេចក៏បានលើកឡើងផងដែរ ករណីចាប់ខ្លួនសកម្មជនបក្សប្រឆាំងថ្មីៗនេះ ដែលរត់ពីខេត្តត្បូងឃ្មុំទៅតាមច្រកព្រំដែនប៉ោយប៉ែត។ សម្តេចហ៊ុន សែន ព្រមានទៀតថា ចំពោះសកម្មជនបក្សប្រឆាំងដែលភៀសខ្លួនទៅដល់ប្រទេសថៃក៏អាចនឹងចាប់ខ្លួនបញ្ជូនមកវិញបានដែរតាមការកិច្ចព្រមព្រៀងបស្យាប័ន។គួរបញ្ជាក់ថា មកដល់ពេលនេះគឺមានសកម្មជនបក្សប្រឆាំងជាង៣០នាក់ហើយដែលត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្រោមការចោទប្រកាន់ថា «រួមគំនិតក្បត់» បន្ទាប់ពីពួកគេប្រកាសគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី នៅថ្ងៃ៩វិច្ឆិកាជាថៃ្ងបុណ្យឯករាជ្យជាតិ៕