ព័ត៌មានជាតិ

ក្រុមឈ្មួញរកស៊ីដឹកទំនិញកសិផលនិងផ្លែឈើទៅវៀតណាម ទម្លាយរឿងសមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវយកលុយក្រៅផ្លូវការ

(រតនគិរី) ៖ ទោះបីរាជរដ្ឋាភិបាលមិនឲ្យយកប្រាក់ពីថ្លៃកសិផលនាំចេញទៅប្រទេសជិតខាងយ៉ាងណាក៏ដោយប៉ុន្តែសម្រាប់សមត្ថកិច្ចប្រចាំច្រកទ្វារអន្តរជាតិអូរយ៉ាដាវនៅតែបន្តយកថ្លៃសេវាក្រៅផ្លូវការច្រើនដដែល។

ក្រុមឈ្មួញដឹកកសិផលនិងផ្លែឈើទៅវៀតណាមរៀបរាប់ឲ្យដឹងថាក្រុមសមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវរួមមានគយស្នាក់ការ,កម្លាំងនគរបាលអន្តោប្រវេសន៍និងប្រធានច្រកទ្វារអន្តរជាតិតំណាងសាលាខេត្តរតនគិរីបានយកថ្លៃរថយន្តដឹកទំនិញផ្សេងៗដោយកំណត់ទៅតាមប្រភេទរថយន្តតូច-ធំបង់លុយគ្មានវិក្កយបត្រទេ។

ពួកគាត់បន្តថាទំនិញសព្វថ្ងៃសម្រុកដឹកចេញទៅវៀតណាមមានដូចជាដំឡូងមី,គ្រាប់ស្វាយចន្ទី,ផ្លែស្វាយ,ផ្លែល្ពៅ,ផ្លែតាង៉ែន,អុសឈើចន្ទី,អុសកៅស៊ូ,ជ័រកៅស៊ូមិនទាន់កែច្នៃ,ធ្យូង(ផល-អនុផលព្រៃឈើ)ជាដើម។

ក្រុមឈ្មួញខាងលើបញ្ជាក់ឲ្យដឹងទៀតថា ភូមិភាគឦសាន្តខេត្តរតនគិរីអំណោយផលខ្លាំងលើដំណាំកសិឧស្សាហកម្មនិងកសិកម្មចម្រុះពេលទទួលទិន្នផលបានមិនសូវដឹកចេញទៅប្រទេសវៀតណាមឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវនោះទេទោះបីមានចម្ងាយផ្លូវជិតក៏ដោយ។លើសពីនេះទៅទៀតមានសមត្ថកិច្ចដូចជាកម្លាំងនគរបាលសេដ្ឋកិច្ចនិងគយចល័តដាក់ប្រចាំលើដងផ្លូវជាតិលេខ៧៨ចាំដកតុងពីក្បាលឡាននិងមានឈ្មួញវៀតណាមមកឈរជើងនៅច្រកទ្វារតែម្តងនាំទំនិញផ្តាច់មុខទៅវៀតណាមព្រមទាំងចាំយកកុំមីសស្យុងលើមុខទំនិញទាំងឡាយដែលឈ្មួញខ្មែរដឹកទៅលក់ដីវៀតណាមស្រេចក្បាលចិត្តដោយសំអាងខាងវៀតណាមសុទ្ធតែបក្ខពួកគេ,រីឯខាងសមត្ថកិច្ចវៀតណាមមានការយកលុយសេវាក្រៅផ្លូវការដូចគ្នាតែតិចជាងភាគីខាងកម្ពុជា។

កត្តាខាងលើនេះនាំច្រកទ្វារអន្តជាតិអូរយ៉ាដាវមិនសូវមានទំនិញចេញ-ចូល,ជនជាតិវៀតណាមចេញ-ចូលរកស៊ីវាយត្រាប៉ាស្ព័រម្តងតម្លៃ២ម៉ឺនរៀលថ្លៃជាងបណ្តាច្រកអន្តរជាតិនានានៅបណ្តាខេត្តផ្សេងៗនាំឲ្យចរន្តសេដ្ឋកិច្ចកាន់តែរួមតូច។ដូច្នេះទើបក្រុមឈ្មួញមិនសូវដឹកទំនិញគ្រប់ប្រភេទទៅវៀតណាមឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវទេ។

ទាក់ទិនទៅនឹងបញ្ហាខាងលើនេះដែរ យើងមិនអាចទាក់ទងសុំការបំភ្លឺពីលោក ស៊ូ សិរី អ្នកនាំពាក្យសាលាខេត្តរតនគិរីបានទេ, រីឯលោកឧត្តមសេនីយ៍ត្រី ខឹម ចិត្រា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ទូរស័ព្ទចូលច្រើនលើកប៉ុន្តែគ្មានអ្នកទទួល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *