កម្ពុជាចាប់ផ្តើមមានភ្លៀងធ្លាក់ ពីខ្សោយទៅមធ្យមពីថ្ងៃទី៤-១០ ខែមករា
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣ នេះបានឱ្យដឹងថា ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៧ ខែមករា កម្ពុជាទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង ហើយបន្តទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យមចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមករា។
ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលនិងតំបន់ខ្ពង់រាប នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ចាប់ពីថ្ងៃទី៥-៧ ខែមករា ឆ្នាំ២០២៣។ នៅតំបន់ទំនាបកណ្តាល នឹងមានសីតុណ្ហភាពអប្បបរមាពី២១-២៤អង្សា និងសីតុណ្ហភាពអតិបរមាពី២៨-៣០អង្សា។
ចំពោះតំបន់ខ្ពស់រាបចាប់ពីថ្ងៃទី០៥-0៧ ខែមករា នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ និងមានសីតុណ្ហភាពអប្បបរមាពី១៨-២១អង្សា និងមានសីតុណ្ហភាពអតិបរមាពី២៨-៣០អង្សា។
ដោយឡែក តំបន់មាត់សមុទ្រចាប់ពីថ្ងៃទី៥-៧ ខែមករានឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយ ទៅមធ្យមដោយអន្លើ នឹងអាចមានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំង។ ឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រ ពីមធ្យមទៅបង្គួរផងដែរ។ នៅតំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២២-២៤អង្សា និងមានសីតុណ្ហភាពអតិបរមាពី២៨-៣០អង្សា។
ជាមួយគ្នានេះដែរ ក្រសួងអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ពិសេសតំបន់សមុទ្រ៕