មានរថយន្តប្រមាណជាង ១៧០ពាន់គ្រឿងមិនទាន់ត្រួតពិនិត្យលក្ខណៈបច្ចេកទេស
បើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា មកទល់ពេលនេះ មានយានយន្តដែលហួសសុពលភាពឆៀក ប្រមាណជាង ១៧០ពាន់គ្រឿង ក្នុងចំណោមយានយន្តដែលបានចុះបញ្ជីសរុប ជាង១លានគ្រឿងនៅទូទាំងប្រទេស។
ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ ជៀសវាងទទួលរងនូវការផាកពិន័យដោយសារហួសសុពលភាព និងដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ដូចបានរៀបរាប់ពីខាងដើម។
«ម្ចាស់យានយន្តទាំងនោះត្រូវប្រញាប់មកធ្វើការឆៀកបន្ត ខណៈតាមច្បាប់យានយន្តដែលហួសសុពលភាពឆៀកនឹងត្រូវផាកពិន័យគិតទៅលើចំនួនថ្ងៃដែលបានលើសនោះ ដោយក្នុង១ថ្ងៃត្រូវពិន័យចំនួន ៥០០រៀលសម្រាប់ប្រភេទយានយន្តគ្រួសារ និងផាកពិន័យចំនួន ២០០០រៀល សម្រាប់ប្រភេទយានយន្តដឹកទំនិញធុនធំ»។
បើតាមប្រសាសន៍បញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានទៀងទាត់ទៅតាមការកំណត់ គឺពិតជាមានសារៈសំខាន់ជាខ្លាំង ពីព្រោះវាធានាបាននូវការផ្តល់សុវត្ថិភាពដល់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ ពិសេសគឺចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយកត្តាយានយន្តយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន (ការបញ្ចេញឧស្ម័នពីយានយន្តដែលមិនស្របតាមកម្រិតកំណត់គឺបង្កឱ្យមានសារធាតុបំពុលទៅក្នុងបរិយាកាស និងប៉ះពាល់ដល់ស្រទាប់អូហ្សូន)៕