“គុនល្បុក្កតោ” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិជាផ្លូវការ
ក្បាច់គុនបុរាណដែលត្រូវបានបញ្ជាក់ថាជាអត្តសញ្ញាណជាតិរបស់កម្ពុជា គឺ “គុនល្បុក្កតោ” ត្រូវបានចុះ ទៅក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (UNESCO) ជាផ្លូវការហើយ ក្នុងកិច្ចប្រជុំលេីកទី ១៧ គណៈកម្មាធិការអន្តររដ្ឋាភិបាលដេីម្បីការការពារបេតិកភណ្ឌអរូបី នៃអង្គការយូណេស្កូ នៅថ្ងៃទី២៩ខែវិច្ឆិកា វេលាម៉ោង ១៦:៣១នាទីម៉ោងនៅទីក្រុង រ៉ាបាត ប្រទេស ម៉ារុក ត្រូវគ្នានឹងម៉ោង ២២:៣១នាទី នៅប្រទេសកម្ពុជា។
គុនល្បុក្កតោ គឺជាក្បាច់គុនមួយ ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១។ វាមានគោលបំណងដើម្បីអភិវឌ្ឍកម្លាំងផ្លូវចិត្ត និងរាងកាយ និងវិន័យរបស់អ្នកអនុវត្តរបស់ខ្លួន តាមរយៈបច្ចេកទេសការពារខ្លួន និងទស្សនវិជ្ជាអហិង្សា។ ការបណ្តុះបណ្តាលគុនល្បុក្កតោ មិនត្រឹមតែអំពីបច្ចេកទេស និងជំនាញរាងកាយប៉ុណ្ណោះទេ ថែមទាំងបង្រៀនអំពីវិន័យផ្លូវចិត្ត អំពីរបៀបគោរពធម្មជាតិ និងអាកប្បកិរិយាប្រកបដោយសុជីវធម៌ក្នុងសង្គមផងដែរ។
កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកចំនួន៨រួចហើយដែលត្រូវបានចុះបញ្ជីរួមមាន តំបន់អង្គរ របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ ប្រាសាទព្រះវិហារ ចាប៉ីដងវែង ល្បែងទាញព្រ័ត្រ ប្រាសាទសំបូរព្រៃគុក និងល្ខោនខោលវត្តស្វាយអណ្ដែត៕