ពលរដ្ឋកោតសរសើរចំពោះការដឹកនាំរបស់ចៅសង្កាត់ព្រៃសទើបជាប់ឆ្នោតថ្មីទាំងសន្តិសុខ និងការបម្រើសេវាសាធារណៈ
ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ព្រៃស បានថ្លែងកោតសរសើរដល់ការដឹកនាំរបស់លោក ខាត់ សុខៃ ដែលជាចៅសង្កាត់ទើបជាប់ការបោះឆ្នោតថ្មី ថា បានបម្រើប្រជាពលរដ្ឋបានយ៉ាងល្អ មិនថា សេវាសាធារណៈ ឬសន្តិសុខក្នុងមូលដ្ឋាននោះទេ។
បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់ព្រៃសបច្ចុប្បន្ន ពុំមានទីតាំងល្បែងស៊ីសង ឬកើតមាននូវអំពើចោរកម្ម ឬអំពើហិង្សាអ្វីនោះឡើយ ខណៈប្រជាពលរដ្ឋក៏សប្បាយចិត្តចំពោះសេវារដ្ឋបាលដ៏ល្អប្រសើរដូចគ្នា។
លោក ខាត់ សុខៃ ចៅសង្កាត់ព្រៃស បានមានប្រសាសន៍ថា សង្កាត់ព្រៃទាំងមូល ត្រូវបានចែកចេញជា១២ភូមិ ដោយមានក្រុមប្រឹក្សាចំនួន ៧នាក់ ស្មៀន១នាក់ និងជំនួយការស្មៀនចំនួន៥នាក់។ សង្កាត់នេះ មានប្រជាការពារសង្កាត់ចំនួន១២នាក់ និងប្រជាការពារក្នុងមួយភូមិចំនួន៥នាក់។
លោកចៅសង្កាត់បញ្ជាក់ថា នៅក្នុងសង្កាត់របស់លោកមានសន្តិសុខយ៉ាងល្អ ដោយគ្មានអំពើហិង្សា ឬចោរកម្មអ្វីនោះទេ ពីព្រោះតែលោកបានចាត់តាំងប្រជាការពារតាមបណ្តាភូមិទាំង១២ ឱ្យធ្វើការយាមកាមគ្រប់ភូមិសាស្រ្តសំខាន់ៗ ខណៈការអភិវឌ្ឍក្នុងមូលដ្ឋាន លោកក៏បានគិតគូរផងដែរ។
ដោយឡែកចំពោះការបម្រើសេវាសាធារណៈវិញ សង្កាត់ព្រៃស មានសេវាច្រកចេញចូលតែមួយ ដែលជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើឯកសារសាធារណៈផ្សេងៗដោយមិនមានការយឺតយ៉ាងនោះឡើយ ទោះបីជាថ្ងៃសៅរ៍ អាទិត្យ ក៏សង្កាត់មានក្រុមការងារក្នុងការជួយសម្រួលដល់ប្រជាពលរដ្ឋផងដែរ។
បើនិយាយពីទីតាំងល្បែងស៊ីសងវិញ នៅសង្កាត់ព្រៃស គឺគ្មាននោះទេ ហើយលោកក៏បានដាក់បញ្ជាមិនឱ្យមានទីតាំងល្បែងស៊ីសងក្នុងមូលដ្ឋានសង្កាត់ព្រៃសជាដាច់ខាត ដើម្បីអនុវត្តឱ្យបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល៕