ព័ត៌មានជាតិ

កម្មវិធី​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​កូរ៉េ​! រដ្ឋមន្ត្រីក្រសួង​ការងារ កោតសរសើរ​ពលករ​ខ្មែរ ចេះ​ថែរក្សា​វប្បធម៌ និង​ប្រពៃណីជាតិ​បាន​យ៉ាង​ល្អ

ការរៀបចំ​ពិធី​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ ពិតមែន​មិនអាច​គ្រប់គ្រាន់​ដូច​យើង​នៅ​ជួបជុំ​គ្រួសារ នៅតាម​ស្រុកកំណើត​ក៏ពិតមែន តែ​បញ្ជាក់​ឱ្យឃើញថា ខ្មែរ​យើង​ទៅដល់​ទីណា​ក៏​នៅតែ​ជា​ខ្មែរ ទោះជា​សម្បូរ​សប្បាយ​យ៉ាងណាក្ដី ក៏​ខ្មែរ​មិន​ភ្លេច​ប្រពៃណី វប្បធម៌​ខ្មែរ​ឡើយ​។ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​កោតសរសើរ​ដល់​ពលករ​ខ្មែរ សិស្ស​-​និស្សិត និង​សហគមន៍​ខ្មែរ​ដែល​រស់នៅ​ទីនោះ​ថា បាន​ថែរក្សា​ប្រពៃណីជាតិ ជា​ពូជពង្ស​ខ្មែរ​អង្គរ​ដ៏​រុងរឿង​នៃ​យើង​។​

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ការងារ បាន​មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​កម្មវិធី​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នៅ​សាធារណរដ្ឋ​កូរ៉េ ប្រារព្វ​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ពហុ​កីឡដ្ឋាន Wastadium ទីក្រុង​អាន​សាន ដើម្បី​បានបង្ហាញ​នូវ​វប្បធម៌​ប្រពៃណី​ខ្មែរ សម្រាប់​ជា​មោទនភាព ហើយក៏​ជាការ​អភិរក្ស​ផ្នែក​វប្បធម៌ និង​អត្តសញ្ញាណ​ជាតិ​របស់​ខ្មែរ​។

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​មន្ត្រី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ មន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ក្រុមការងារ​ទាំងអស់ ដែល​បាន​ផ្ដួចផ្ដើម រៀបចំ និង​គាំទ្រ​ប្រារព្វ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ដ៏​អធិកអធម​នា​ឆ្នាំនេះ ដែល​រួមមាន​ទាំង​កម្មវិធី​សាសនា និង​ការកំសាន្ត​សប្បាយ​ផងដែរ​។ ​ពិធី​នេះ មានការ​ចូលរួម​ពី​សំណាក់​សហគមន៍​ខ្មែរ សិស្ស​-​និស្សិត និង​ពលករ​ខ្មែរ​ប្រមាណ​ជាង ១​ម៉ឺន​នាក់ មកពី​គ្រប់​តំបន់ មាន​ចម្ងាយ​ឆ្ងាយ​រាប់រយ​គីឡូ ជាពិសេស​មាន​វត្តមាន​ពី​ខាង​កូរ៉េ តំណាង​ឯកឧត្តម​អភិបាលក្រុង​អាន​សាន និង​ការសម្តែង​សិល្បៈ ដោយមាន​តារាចម្រៀង​ល្បីៗ​មក​ចូលរួម​សម្ដែង ញ៉ាំង​ឲ្យ​កម្មវិធី​រឹតតែ​សប្បាយរីករាយ​ទ្វេដង​។​

​ឆ្លៀត​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ​ផងដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​អរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ ដែល​តែងតែបាន​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការរៀបចំ​កម្មវិធី​ផ្សេងៗ​កន្លងមក ជាពិសេស​កម្មវិធី​នា​ថ្ងៃនេះ នៅលើ​ទឹកដី​ក្រុង​អាន​សាន​នៃ​សាធារណរដ្ឋ​កូរ៉េ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី លើកឡើងថា ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​យើង​ខកខាន​ក្នុងការ​ជួបជុំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ប្រពៃណីជាតិ​ធំៗ បើ​គិត​ទៅ​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ចាប់តាំងពី​មហាសង្ក្រាន្ដ ខែមេសា ឆ្នាំ​២០១៩​។ ឯកឧត្តម​បណ្ឌិត ពិតជា​មាន​សេចក្ដីសោមនស្ស ក្នុងការ​ចូលរួម​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ជាមួយ​ក្មួយៗ​ដែលជា​ពលករ អនិជ​ន​កូរ៉េ និង​និស្សិត​នៅ​សាធារណរដ្ឋ​កូរ៉េ ក្នុងនាម សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង បាន​នាំមក​នូវ​សេចក្ដី​នឹករលឹក ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ពរ​សព្វ​សាធុការ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​នេះ ពី​សំណាក់​រាជរដ្ឋាភិបាល គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ដល់​បងប្អូន​ខ្មែរ​ទាំងអស់ សូម​ប្រកបដោយ​ពុទ្ធពរ និង​ពរជ័យ​ទាំង​៥​ប្រការ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​បដិភាណៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​រំលឹក​ទៅដល់​បងប្អូន​ពលករ​ដែលមាន​ឱកាស​បានមក​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ត្រូវ​ចងចាំ​ថា នេះ​ដោយសារតែ​ការ ខិតខំ​ប្រឹងប្រែង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កសាង​ទំនាក់ទំនង​ការទូត​ជាមួយ​សាធារណរដ្ឋ​កូរ៉េ តាំងពី​ឆ្នាំ​១៩៩៧ មកម្ល៉េះ​។ ចាប់តាំងពី​ពេលនោះ​មក កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ មាន​ភាព​រីកចម្រើន ទាំង​វិស័យ​ការទូត សេដ្ឋកិច្ច ទេសចរណ៍ និង​ការងារ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ជួបចរចារ​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ជា​បន្តបន្ទាប់ ដើម្បី​ពង្រឹង​ចំណង​សហប្រតិបត្តិ​ការឱ្យ​កាន់តែ​ស្អិតរ​មួ​ត​ថែមទៀត រវាង​ប្រទេស​ទាំងពីរ​។ ជាការ​ពិត ទីផ្សារការងារ​នៅ​ប្រទេស​កូរ៉េ គឺជា​ទីផ្សារការងារ​មួយ​ដ៏​ល្អ ដែលមាន​ប្រទេស​ជាច្រើន​ប្រកួតប្រជែង​ចង់បាន និង​ប្រទេស​ដែលមាន​លក្ខខណ្ឌ​ការងារ​ល្អ និង​មាន​ប្រាក់ខែ​ខ្ពស់​។

​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង ពិតជា​មានការ​សោកស្តាយ​ដែល​កន្លងទៅ​ថ្មីៗ​នេះ មាន​ក្មួយៗ​ពលករ​មួយចំនួន​តូច​នៅ​សាធារណរដ្ឋ​កូរ៉េ បាន​ជឿ​លើ​ការឃោសនា​បែប​អ​បិ​យ​ជំនឿ​របស់​អ្នកនយោបាយ​មួយរូប និង​បាន​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ទាំង​តក់ក្រហល់ បោះបង់ចោល​ការងារ រត់ចោល​ថៅកែ ធ្វើឱ្យប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ពលករ​ខ្មែរ ដែល​តែងតែ​ទទួលបាន​ការគោរព ស្រឡាញ់ និង​ចូលចិត្ត​ពី​និយោជក​កូរ៉េ និង​ធ្វើឱ្យ​បាត់​ប្រភព​ចំណូល​ដ៏​ធំ​សម្រាប់​ទ្រទ្រង់​គ្រួសារ​។

​ម្នាក់ៗ​មាន​សិទ្ធិ​ជឿ​លើ​ជំនឿ​អ្វី​ក៏បាន ប៉ុន្តែ​ក្មួយៗ​មុននឹង​ជឿ ក្មួយៗ​គួរតែ​ពិចារណា​ការ​ខាត​ចំណេញ​របស់​ខ្លួនឯង អ្នក​ជំវិញខ្លួន និង​សង្គមជាតិ​។ បន្ថែម​ពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​អំពាវនាវ ទៅដល់​ក្មួយៗ​ជា​ពលករ​ទាំងអស់ ត្រូវ​ជឿជាក់​លើ​រាជរដ្ឋាភិបាល ជឿជាក់​លើ​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ សម្ដេច​តេ​ជោ ហ៊ុន សែន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *