សង្គម

ប្រជានេសាទ៤នាក់ត្រូវបានសង្គ្រោះក្នុងឧទ្ទវហេតុលិចទូកមួយគ្រឿងក្នុងសមុទ្រជិតកោះវ៉ាង 

(ព្រះសីហនុ) ៖ ប្រជានេសាទចំនួន៤នាក់ត្រូវបានសង្គ្រោះក្នុងឧទ្ទវហេតុលិចទូកមួយគ្រឿងក្នុងសមុទ្រ នៅជិតកោះវ៉ាង  នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ។

សមត្ថកិច្ចបានឲ្យដឹងបានឱ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់មានចំនួន០៤នាក់ ក្នុងនោះមាននាវិកទូក០១នាក់ និងកូនដៃ០៣នាក់ រួមមាន​ឈ្មោះ ចាន់ ពិសាល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពេញ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាតៃកុងទូក បានហែលឡើងគោកនៅចំណុចពយអាវតាផេង។ ឈ្មោះ ដន ប៉ុននី ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាកូនដៃទូក បានហែលឡើងគោកនៅចំណុចពយអាវតាផេង។ ឈ្មោះ នាក់ ប៊ុនធឿន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ជាកូនដៃទូក បានហែលឡើងគោកនៅចំណុចពយអាវតាផេង និងឈ្មោះហុត បឹប ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ឃុំ ស្រុក ខេត្តព្រះសីហនុ ជាកូនដៃទូក បានហែលឡើងមកដល់គោកចំណុចចំការតា មល រួចរាយការណ៍មកសមត្ថកិច្ច ដើម្បីរកជំនួយអន្តរាគមន៍។

តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា ទូកនេសាទរបស់ពួកគាត់ បានចេញដំណើរនេសាទពីចំណុច មុខកោះស្តេច ហើយពេលមកដល់ចំណុចពយអាពត ជិតកោះវ៉ាង (ចំណុចកើតហេតុ) ទូកក៏បានទាក់ខ្សែង៉ាង (ខ្សែមង) ចំពេលរលកធំៗទៀត ទើបបណ្តាលឲ្យទូកលិចតែម្តង និងថាប្រសិនបើមិនមានការជួយសង្គ្រោះទាន់ពេលវេលាទេ ពួកគាត់អាចនឹងមានគ្រោះថ្នាក់ដ៏អាយុជីវិត។

យោងតាមក្រសួងធនធានទឹក និងឧតុនិយម បាន​ជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ដោយបញ្ជាក់ថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *