ព័ត៌មានជាតិ

ប្រកាសទទួលស្គាល់លោក គួច ចំរើន ជាប្រធានកិត្តិយសសមាគម អតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោជ ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញប្រកាស ទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ និងទទួលស្គាល់ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ។

តាមសេចក្តីសម្រេច ស្តីពីការទទួល ស្គាល់ប្រធានកិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ លេខ០៩៦/ស.អ.ក/២០១៩ សម្រេចទទួលស្គាល់ ឯកឧត្តម គួច ចំរើន ជាប្រធានកិត្តិយស ស.អ.ក ខេត្តព្រះសីហនុ។ សេចក្តីសម្រេចលេខ ៣១៨/តត/ស.អ.ក ស្តីពីការទទួលស្គាល់ ឯកឧត្តម នូវ សំអុល ជាប្រធានគណ:កម្មាធិការ និងជាប្រធានគណ: អចិន្ត្រៃគណ:កម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ ។

នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមគមអតីតយុទ្ធជន បានកោតសរសើរប្រធានសមាគមចាស់ ដែលបានខិតខំបំពេញការងារទទួល បានលទ្ធផលល្អ ដោយសារសភាពការការងារសន្តិសុខ សុវត្ថិភាពសាធារណៈជូនប្រជាពល រដ្ឋនាពេលបច្ចុប្បន្ន ក៍ដូចជាការចូលរួមដោះស្រាយកង្វល់របស់អតីតយុទ្ធជននាពេលកន្លងមក។ ក្នុងនោះមានអតីតយុទ្ធជន១៣គ្រួសារ មានដីតែខ្វះផ្ទះស្នាក់នៅ អតីតយុទ្ធជន៤៨គ្រួសារ គ្មានផ្ទះ គ្មានដី និង១៣ គ្រួសាររស់នៅលើដីសាធារណៈ ដូច្នេះយើងត្រូវធ្វើការដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា ព្រោះយើងមានកញ្ចប់ថវិកាក្នុងដៃ ត្រូវធ្វើគម្រោងសាងសង់ និងដោះស្រាយបញ្ហាប្រឈមនានា។

លោកបន្តថា ចំពោះដី និងផ្ទះដែលរដ្ឋបាលខេត្ត បានធ្វើការប្រគល់ជូនអតីតយុទ្ធជនកន្លងមក៨០គ្រួសារ នៅស្រុកស្ទឹងហាវ តាមការពិនិត្យជាក់ស្តែង មានអតីតយុទ្ធជនរបស់យើងរស់នៅតែ៩គ្រួសារ។ ទន្ទឹមនោះលោកទេសរដ្ឋមន្ត្រីក៏បានស្នើឲ្យត្រូវធ្វើការពិនិត្យ សិក្សាវាយតម្លៃ ដើម្បីដកផ្ទះ និងដីយកមកចែកជូនអតិតយុទ្ធជនរបស់យើងដែលគ្នានដី ផ្ទះស្នាក់នៅពិតប្រាកដស្របតាមគោលន យោបាយរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមកាត់បន្ថយភាពក្រីក្រ បើពួកគាត់រស់ នៅបាន ៥ឆ្នាំ ត្រូវចេញប្លង់កម្មសិទ្ធិជូនគាត់ ។ បន្ថែមលើនេះលោកក៏បានស្នើសុំឱ្យគណ:កម្មាធិការ អាជ្ញាធរស្រុក និងមន្ទីរ អង្គភាពពាក់ពន្ធ បន្តចុះពិនិត្យ ស្វែងរកដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនអតីតយុទ្ធជនយើងមាន ប្រមាណជា ១.០០០នាក់ ។

លោក គួច ចំរើន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ បានបញ្ជាក់ថា និងបន្តខិតខំប្រមូលផ្តុំឈ្វេងរកជំនួយគំទ្រដល់អតីតយុទ្ធជនខេត្តព្រះសីហនុ និងបន្តរកដីសម្បទានសង្គមកិច្ច ចែកជូនអតីតយុទ្ធជនរបស់យើងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *