ឃើញគេលក់ ទិញសត្វខ្ញុងខ្មៅក្រហមទៅលីងបរិភោគ ទីបំផុតបុរសម្នាក់ពុលស្លាប់ សង្រ្គោះមិនទាន់
(កំពង់ធំ) ៖ បុរសម្នាក់រស់នៅឃុំសាក្រាម ស្រុកប្រាសាទបល្ល័ង្ក បានស្លាប់ក្រោយពីគាត់បានហូបសត្វខ្ញុងខ្មៅក្រហម។
បុរសពុលសត្វល្អិតនោះមានឈ្មោះ ឈន ឈឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរធ្វើស្រែចម្ការ ។ បើតាមការរៀបរាប់ ពីក្រុមសាច់ញាតិបានឲ្យដឹងថា ដំបូងឡើយបុរសខាងលើ បានឃើញគេដាក់លក់សត្វនេះ ដោយគិតថាមិនអី គាត់ក៏បានទិញយកមកលាងទឹក រួចក៏ចម្អិនដោយលីងហូប។ ពេលនោះ ស្ត្រីជាម្តាយក៏បានសាកល្បងហូបចូលមាត់បន្តិចក៏ខ្ជាក់ចេញវិញ ដោយស្រែកថា ល្វីងណាស់ ចំណែកបុរសជាកូនប្រុស បានបន្តហូបសត្វនេះធម្មតា។
បន្ទាប់ពីហូបសត្វនេះរួចបុរសខាងលើបានចាប់ផ្តើមមានអាការៈមិនស្រួលខ្លួន រាគផង ក្អួតផង ដោយគិតស្មានថាមិនអី រូបគាត់មិនបានទៅព្យាបាលនៅមន្ទីរពេទ្យទាន់ពេលនោះទេ ពោលគឺបន្តប្រើថ្នាំព្យាបាលនៅផ្ទះអស់រយៈពេលប្រហែលពីរថ្ងៃ។ ក្រោយមកសភាពជំងឺហាក់មិនថយសោះ ដោយវាកាន់តែធ្ងន់ធ្ងរទៅ ឃើញដូច្នេះសាច់ញាតិក៏សម្រេចដឹករូបគាត់ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែពេលទៅដល់មន្ទីរពេទ្យ គ្រូពេទ្យបានប្រាប់វិញថា ហួសពេលហើយ គ្រឿងក្នុងសំខាន់ៗរបស់គាត់ត្រូវបានជាតិពុលបំផ្លាញអស់ហើយ ។
គួរបញ្ជាក់ថា បើតាមអ្នកស្រុក សត្វល្អិតប្រភេទនេះមានឈ្មោះវាថា ខ្ញុងខ្មៅក្រហម ឬពព្លះខ្មៅក្រហម ។ សត្វល្អិតប្រភេទនេះ វាមានរូបរាងតូចទម្ងន់ប្រហែល៤ ទៅ ៦ក្រាម ។ វាស្ថិតនៅក្នុងចំណោមសត្វល្អិត ដែលមិនអាចយកមកបរិភោគបានទេ បើទោះបីជាបានចម្អិនរួចហើយក៏ដោយ ។ មនុស្ស ឬសត្វ បរិភោគសត្វល្អិតប្រភេទនេះ នឹងត្រូវទទួលរងការខូចខាតធ្ងន់ធ្ងរដល់គ្រឿងក្នុងសំខាន់ដូចជា ក្រពះពោះវៀន, ក្រលៀន និងផ្លូវបង្ហួរនោម ព្រោះដោយសារសត្វល្អិតនេះ វាមានផ្ទុកកំហាប់ដ៏ច្រើននៃសារធាតុ ដែលជាជាតិពុលច្រើន៕