ព័ត៌មានជាតិ

អាជីវករផ្សារអូរឫស្សីជាង១០០នាក់ ប្រមូលផ្ដុំគ្នាតវ៉ា រឿង​តម្លើងថ្លៃតូប

អាជីវករនៅផ្សារអូរឫស្សីប្រមាណជាង១០០នាក់ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា នៅមុខផ្សារ ដើម្បីស្នើរសុំដល់អាជ្ញាធរគ្រប់គ្រងផ្សារនូវបញ្ហា២ចំណុច ដែលបងប្អូនអាជីវករមិនអាចទទួលយកបាន។

យោងតាមអាជីវករផ្សារអូរឫស្សី បានឱ្យដឹងថា បញ្ហាដែលពួកគាត់ស្នើសុំ២ចំណុចនោះ រួមមាន៖​ ទី១. សុំកែពីពាក្យ​បង់ថ្លៃជួលតូប​ មកជាពាក្យបន្ត​បណ្ណ​កម្មសិទ្ធិជូនដល់អាជីវករ​ ដោយមិនប្រើពាក្យថាជួល​។ រីឯទី២. សុំបញ្ចុះតម្លៃតូប៥០ភាគរយ បន្តនៅក្នុងអាណត្តិថ្មីរយៈពេល២០ឆ្នាំ​នេះ ដោយកន្លងមកអាជ្ញាធរបានបញ្ចុះតម្លៃឱ្យចំនួន៥០ភាគរយក្នុងអំឡុងពេលកូវីដ-១៩ ហើយរហូតមកដល់ពេលនេះ ថ្វីបើកូវីដបានធូរស្បើយមែនពិត តែការលក់ដូរមិនរលូន និងមិនមានភ្ញៀវច្រើនដូចមុនកូវីដឡើយ។

ក្រោយពីអាជីវករធ្វើការប្រមូលផ្ដុំស្នើសុំ២ចំណុចខាងលើ​នេះ គណៈកម្មការផ្សារ ក៏បានយកសំណើរបស់អាជីវករយកទៅជូនថ្នាក់លើ ដើម្បីពិភាក្សា និងធ្វើការដោះស្រាយចំពោះបញ្ហានេះ​ ហើយជូនដំណឹងដល់អាជីវករវិញនៅពេលក្រោយ ខណៈដែលអាជីវករបានបំបែកគ្នាទៅលក់ដូរតាមតូបរៀងៗខ្លួនវិញជាធម្មតា​។

គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មការផ្សារអូរឫស្សីបានជូនដំណឹងដល់អាជីវករដែលលក់ដូរនៅចំណុចផ្សារអូរឫស្សីចូលមកធ្វើការដាក់ពាក្យបង់ថ្លៃជួលតូប​ សម្រាប់អាណត្តិថ្មីរយៈពេល២០ឆ្នាំ ដែលគិតចាប់ពីថ្ងៃទី១​ ខែមករា​ ឆ្នាំ២០២១​ ដល់ថ្ងៃទី៣១​ ខែធ្នូ​ ឆ្នាំ២០៤០​ នឹងចាប់ផ្ដើមពីថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០២២​ ដល់ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២២ ជារៀងរាល់ថ្ងៃចន្ទដល់ថ្ងៃសុក្រ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *