ទីតាំងល្បែងស៊ីសង ក្លាយទៅជាឆ្នាំងបាយរបស់អធិការក្រុងបូកគោ ពលរដ្ឋស្នើលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតជួយបង្រ្កាបផង
(កំពត) ៖ ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ កំពុងតែបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិសាស្រ្តក្រុងបូកគោ ប៉ុន្តែសមត្ថកិច្ចនៅក្នុងមូលដ្ឋានមួយនេះ ហាក់ព្រងើយកន្តើយមិនធ្វើការបង្រ្កាបនោះឡើយ ដែលនេះធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភ និងបានស្នើដល់លោកឧត្តមសនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សូមជួយធ្វើការបង្រ្កាបផង ព្រោះបើពឹងលើសមត្ថកិច្ចថ្នាក់ក្រោមហាក់គ្មានសង្ឃឹមនោះទេ ព្រោះទីតាំងល្បែងសងសងទាំងនោះ គឺជាឆ្នាំងបាយរបស់ពួកគាត់ទៅហើយ។
បើតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ទីតាំងល្បែងស៊ីសងទាំងនោះ មានបើកលេងដូចជាល្បែងយូគី ក៏ដូចជាជល់មាន់តាមអនឡាញជាដើម ដោយមានចាក់លុយរហូតដល់ទៅរាប់លានរៀល ហើយទីតាំងដែលបើកលេងធំជាងគេ គឺស្ថិតនៅចំណុចភូមិចង្ហោន ជាប់ស្ពានក្តាត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ។
លោក ភី ឌក នាយប៉ុស្តិ៍សង្កាត់ព្រែកត្នោត បានទទួលស្គាល់ចំពោះទីតាំងល្បែងស៊ីសងដែលស្ថិតនៅក្នុងភូមិសាស្រ្តសង្កាត់ព្រែកត្នោត តែលោកថា លោកមិនហ៊ានធ្វើការបង្រ្កាបនោះទេ, លោកថា លោកធ្លាប់បានចុះទៅធ្វើកិច្ចសន្យាជាច្រើនលើកហើយ ប៉ុន្តែគេមិនស្តាប់នោះទេ ហើយលោកក៏លែងហ៊ានចុះបង្រ្កាបដែរ ព្រោះជារបស់ថ្នាក់លើ ហើយលោកបង្វែរឲ្យសួរទៅកាន់លោកអធិការនគរបាលក្រុងបូកគោវិញ។
សម្រាប់លោក ព្រាប សាមិត្ត អធិការនគរបាលក្រុងបូកគោ បានថ្លែងថា លោកមិនដឹងថាមានទីតាំងល្បែងស៊ីសងនោះទេ ហើយក៏បានបដិសេដ្ឋដែរថា លោកគ្មានពាក់ព័ន្ធអ្វីនឹងទីតាំងល្បែងនោះឡើយ ដោយថា កន្លែងល្បែងស៊ីសងទាំងនោះ គឺសុទ្ធសឹងតែលួចលេងទាំងអស់។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែទទូចដល់អធិការនគរបាលខេត្តកំពត សូមជួយពិនិត្យមើលករណីនេះផង ព្រោះថា ការលុបបំបាត់នូវល្បែងស៊ីសង ក៏ស្ថិតនៅក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលបានដាក់ចេញដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងការធានាឲ្យប្រជាពលរដ្ឋរស់នៅបានសុខសាន្តគ្មានចោរកម្ម អំពើហិង្សា ល្បែងស៊ីសង , ដូច្នេះប្រសិនបើអាជ្ញាធរនៅតែបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសង ធ្វើមិនដឹងមិនលឺ រួចចាំយកលាភសក្ការៈ ទង្វើទាំងនេះ កំពុងតែប្រឆាំងនឹងគោនយោបាយភូមិឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញហើយ៕