ព័ត៌មានជាតិ

សម្តេច ស ខេង ថា ធនាគារនៃប្រទេសកម្ពុជាប្រឈមក្លាយជាធនាគារខ្មៅ ដោយសារឧក្រិដ្ឋជនគ្រឿងញៀនយកលុយទៅដាក់

ថ្លែងក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ សម្តេចក្រឡាហោម សំដែងក្ដីបារម្ភចំពោះបញ្ហាធនាគាររបស់ប្រទេសកម្ពុជា ក្លាយជាធនាគារខ្មៅ ដោយសារតែឧក្រិដ្ឋជនគ្រឿងញៀនយកលុយគ្រឿងញៀនទៅដាក់ធនាគារ ព្រមទាំងប្រើប្រាស់លុយគ្រឿងញៀនគាំទ្រដល់ការពង្រីកអាវុធមហាប្រល័យ។

កម្ពុជាត្រូវបានគេចាត់ទុកជាប្រទេសប្រផេះក្នុងវិស័យធនាគាររួចស្រេចទៅហើយ បើគ្មានវិធានការទប់ស្កាត់ទេនោះ ធនាគារនៃប្រទេសកម្ពុជាទាំងអស់ នឹងក្លាយជាធនាគារខ្មៅតែម្ដង។ បន្ថែមពីនេះ បញ្ហាឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់ធនធានថវិកាពីការជួញដូរគ្រឿងញៀន យកទៅដាក់ធនាគារក្ដី យកទៅទិញដីក្ដី យកទៅពង្រីកអាវុធមហាប្រល័យក្ដី អាជ្ញាធរពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់តាមដានឱ្យបានខ្លាំងជាទីបំផុត។ នៅចំពោះមុខក្ដីព្រួយបារម្ភនេះ សម្តេច ក្រឡាហោម ជំរុញអាជ្ញាធរពាក់ព័ន្ធបែបនេះ។

«លុយរកសុីគ្រឿងញៀនខុសច្បាប់(លុយខ្មៅ) ជួនកាលឧក្រិដ្ឋជនគ្រឿងញៀនយកទៅទិញដី ទិញដីក៏ដោយ កាលណាយើងដឹងថា លុយហ្នឹងបានមកពីគ្រឿងញៀន បើរឿងហ្នឹងយើងបណ្តោយទៀត គឺធនាគារហ្នឹងក្លាយជាធនាគារខ្មៅហ្មង។ ហើយបើធនាគារជាតិខ្មៅហើយ ធនាគារទាំងអស់ខ្មៅហ្មង…»។

សម្តេចក្រឡាហោមបន្ត៖ «យើងរួមគ្នាបង្ក្រាបបទល្មើសហើយស្រាវជ្រាវឱ្យដល់ឫសគល់ លុយរកសុីគ្រឿងញៀន វាខុសច្បាប់បាត់ទៅហើយ ប៉ុន្តែលុយហ្នឹងយកទៅឯណា? ជួនអីយកទៅទិញដី ទៅទិញដីក៏ដោយ កាលណាយើងដឹងថា លុយហ្នឹងបានមកពីគ្រឿងញៀន យកទៅទិញដៅ លក់ដីពង្រីកអាវុធ អាហ្នឹងហើយដែលគេហៅថា ការប្រឆាំងការរីកសាយភាយអាវុធមហាប្រល័យ»។

តាមព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ បានឱ្យដឹងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃនេះ មានចំនួន ៦តោន ក្នុងចំណោមប្រមាណ ៩០តោនដែលបានរឹបអូសបាន។ មូលហេតុដែលដុតបំផ្លាញក្នុងចំនួន ៦តោន ដោយសារកុំឱ្យសាយភាយប៉ះពាល់សុខភាពជុំវិញ។ សម្រាប់គ្រឿងញៀនដែលនៅសល់ អាជ្ញាធរនឹងបន្តដុតបំផ្លាញចោលថែមទៀតនៅពេលបន្ទាប់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *