ឧបនាយករដ្ឋមន្ត្រីរកឃើញមន្ត្រីក្រោមឱវាទបំពេញការងារពីរក្នុងពេលតែមួយ ផ្ទុយពីច្បាប់
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានពិនិត្យឃើញថា មានករណីមន្ត្រីមួយចំនួនបានបំពេញមុខងារពីរក្នុងពេលតែមួយ ដែលជាការប្រព្រឹត្តផ្ទុយពីច្បាប់។
ការបំពេញមុខងារពីរក្នុងពេលតែមួយ ឬវិសមិតភាពក្នុងការបំពេញមុខងារ មានន័យថា ត្រួតមុខងារក្នុងពេលដំណាលគ្នា។ វិសមិតភាពដែលលោកជំទាវ ម៉ែន សំអន គូសបញ្ជាក់ គឺសំដៅដល់ការដែលមន្ត្រីមួយចំនួនចំណុះទីស្ដីការក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្ត ប្រកបវិជ្ជាជីវៈជាមេធាវី ខណៈដែលខ្លួនកំពុងបំពេញមុខងារសាធារណៈ។
ការបំពេញមុខងារពីរក្នុងពេលតែមួយ ត្រូវបានលោកជំទាវ ម៉ែន សំអន គូសបញ្ជាក់ថា ជាទង្វើដែលផ្ទុយនឹងបទប្បញ្ញត្តិ ច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ច្បាប់ស្តីពីលក្ខន្តិកៈមេធាវី និងលិខិតបទដ្ឋានគតិយុត្ត។
លោកជំទាវ ម៉ែន សំអន បន្ថែមថា ដើម្បីជៀសវាងការបំពេញមុខងារសាធារណៈផង និងប្រកបវិជ្ជាជីវៈជាមេធាវីផង ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ណែនាំចំពោះមន្ត្រីរាជការចំណុះទីស្ដីការក្រសួង និងមន្ទីរ ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានី-ខេត្ត ធ្វើការជ្រើសរើសដោយស្ម័គ្រចិត្តរវាងមុខងារជាអ្នករាជការសាធារណៈ និងប្រកបវិជ្ជាជីវៈជាមេធាវី៕