ភ្ញៀវទេសចរវៀតណាម និងថៃ នឹងក្លាយជាភ្ញៀវទេសចរជួរមុខគេ មកទស្សនាកម្ពុជាក្នុងឆ្នាំ២០២២នេះ
ភ្ញៀវទេសចរវៀតណាម និងថៃ នឹងក្លាយជា ភ្ញៀវទេសចរជួរមុខគេ ក្នុងក្របខ័ណ្ឌប្រទេសសមាជិកអាស៊ាន ដែលមកទស្សនាកម្ពុជាច្រើន ជាងគេ បន្ទាប់ពីមន្ត្រីជំនាញក្នុងឧស្សាហ៍កម្មនេះ ព្យាករណ៍ថា ចំនួនភ្ញៀវទេសចរអន្តរជាតិ នឹងកើនដល់១លាននាក់នៅឆ្នាំ២០២២នេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកជំទាវ ឆាយ ស៊ីវលីន បានមានប្រសាសន៍ថា ក្រោយការសម្រួលនូវល័ក្ខខ័ណ្ឌធ្វើដំណើរ ក៏ដូចជា ដកចេញនូវរបាំងធ្វើតេសសុខភាពកូវីដ១៩ រួមជាមួយនឹងការបើកនូវជើងហោះហើរឡើងវិញ ជាបន្តបន្ទាប់នោះ កម្ពុជាទទួលបាននូវកំណើនភ្ញៀវទេសចរកើនឡើងជាហូរហែ ហើយក្នុង នោះយើងសង្កេតឃើញថា ទេសចរវៀតណាម និងថៃ ឈរនៅជួរមុខគេដែលធ្វើដំណើរ មកកាន់កម្ពុជា ស្របពេលដែលប្រទេសទាំងពីរនេះ ជាប្រទេសជិតខាងកម្ពុជាផង និងជា ប្រទេស ដែលបានប្រកាសបើកដំណើរការសេដកិច្ចឡើងវិញបណ្ដើរៗហើយ រួមនឹងការ សម្រួលនូវល័ក្ខខ័ណ្ឌធ្វើដំណើរមួយចំនួនផងដែរ។
លោកជំទាវបញ្ជាក់ថា ទីផ្សារភ្ញៀវទេសចរចិន អាចនឹងមិនទាន់វិលត្រលប់មកកម្ពុជា ច្រើនភ្លាមៗបានទេ ដោយសារស្ថានភាព និងល័ក្ខខ័ណ្ឌ មិនទាន់អំណោយផល ដូច្នេះ យើងក៏មិនអាចរង់ចាំតែទីផ្សារចិនមួយមុខនោះទេ គឺត្រូវព្យាយាមពង្រឹង និងផ្សាយពីគោលដៅ ទេសចរ ទៅកាន់ប្រទេសជាសមាជិកអាស៊ានដដៃផ្សេងទៀត ដើម្បីឈានទៅសម្រេចឱ្យ បាននូវការព្យាករណ៍ទុករបស់ក្រសួងទេសចរណ៍ ដែលនឹងទាក់ទាញឱ្យបាន ១លាននាក់ នៅឆ្នាំ២០២២នេះ។
គួរបញ្ជាក់ថា ក្រោយវិបត្តិកូវីដ១៩ ចំនួនទេសចរអន្តរជាតិពិសេសទេសចរផ្ទៃ ក្នុងអាស៊ានអាចនឹងកើនឡើងជាងនេះ នៅពេលដែលរបាំងសុខាភិបាល និងការសម្រួលការ ធ្វើដំណើរ និងការដឹកជញ្ជូនបានកាន់តែងាយស្រួល ដោយក្នុងនោះកំណើនភ្ញៀវទេសចរ អន្តរជាតិត្រូវបានប៉ាន់ស្មានថា និងកើនចន្លោះពី៨០ម៉ឺននាក់ ទៅ១លាននាក់ ចំណែក ទេសចរផ្ទៃក្នុងប្រមាណ ៩លាននាក់៕