របាយការណ៍ ៖ ឆ្នាំ២០២១ ទេសចរអន្តរជាតិមកកម្ពុជាធ្លាក់ចុះ ៨៥%
ក្រសួងទេសចរណ៍បានឲ្យដឹងនៅក្នុងរបាយការណ៍របស់ខ្លួនថា កាលពីឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ២០ម៉ឺននាក់ ដែលចំនយននេះមានការថយចុះចំនួន ៨៥ភាគរយ បើធៀបនឹងឆ្នាំ២០២០។
របាយការណ៍ដដែលគូសបញ្ជាក់ថា ក្នុងចំណោមភ្ញៀវអន្តរជាតិជិត ២០ម៉ឺននាក់នោះ អ្នកមកតាមផ្លូវអាកាសមានចំនួន៩៩,៨២៩នាក់ ថយចុះ៨៦.៨% និងអ្នកមកតាមផ្លូវគោកមានចំនួន ៩៦,៦៦៦នាក់ ថយចុះ៨២.៤% រីឯភ្ញៀវទេសចរដែលមកតាមផ្លូវទឹកវិញ គឺគ្មានឡើយនៅក្នុងឆ្នាំ២០២១។
សម្រាប់ទេសចរផ្ទៃក្នុង ពោលគឺភ្ញៀវទេសចរជាតិមានចំនួន ៤,៦៦៣,០៨២នាក់ ថយចុះ ៣៥.៥% និងភ្ញៀវអន្តរជាតិដែលស្នាក់នៅកម្ពុជាមានចំនួន ២៧៩,២៧៨នាក់ ថយចុះ៨៤.៦% បើធៀបនឹងឆ្នាំ២០២០កន្លងទៅ។
បើតាមរបាយការណ៍ដដែល ទេសចរកម្ពុជាធ្វើដំណើរចេញក្រៅប្រទេស គឺមានចំនួន ៣០,៥១៧នាក់ ថយចុះ ៩០.៦% បើធៀបនឹងឆ្នាំ២០២០ ខណៈទេសចរបរទេសដែលចេញពីកម្ពុជាមានចំនួន ១៨៣,៦០៨នាក់ផងដែរ។
សូមបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរកាលពីឆ្នាំ២០២១ មិនមែនមានតែប្រទេសកម្ពុជានោះទេ ពោលគឺប្រទេសនៅទូទាំងតំបន់ និងពិភពលោក ក៏មានការធ្លាក់ចុះដូចគ្នា ដោយសារវិធានការបិទប្រទេសក្រោមហេតុផលទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕