អភិបាលខេត្តកំពង់ចាម អំពាវនាវដល់ប្រជាពលរដ្ឋឲ្យរួមគ្នាថែរក្សាសុខសន្តិភាព ដេីម្បីបន្តការអភិវឌ្ឍន៍ កសាងសមិទ្ធផលថ្មីៗបន្ថែមទៀត
កំពង់ចាម ៖ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ទេីបយេីងមានឱកាសធ្វើបុណ្យទានរួមគ្នា ខុសពីជំនាន់ប៉ុលពតដែលគេយកទីវត្តអារាមធ្វើជាគុក ឬធ្វើជាក្រោលសត្វ ដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋ រួមគ្នាថែរក្សានូវសុខសន្តិភាពមួយនេះ ឲ្យបានគង់វង្សយូរអង្វែង ដេីម្បីបន្តការអភិវឌ្ឍន៍ កសាងសមិទ្ធផលថ្មីៗ បន្ថែមទៀត។ ការថ្លែងយ៉ាងដូច្នេះក្នុងឱកាសចូលរួមពិធីសូត្រមន្តក្នុងពិធីបុណ្យកឋិនទាន នៅវត្តចំការអណ្តូង ស្ថិតក្នុងឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម នាល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ថ្លែងក្នុងពិធីសំណេះសំណាលនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលេីកឡើងថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅទីនេះ ជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋ ដូច្នេះបើមានការអ្វី ឬត្រូវការអ្វី សូមពុកម៉ែប្រាប់មកមន្ត្រីយេីងឲ្យបានឆាប់រហ័ស បេីរឿងដែលអាចដោះស្រាយបានត្រឹមថ្នាក់មូលដ្ឋាន អាជ្ញាធរនឹងដោះស្រាយជូនភ្លាមៗ បើដោះស្រាយមិនចេញ ត្រូវស្នើទៅថ្នាក់ខេត្តឲ្យខេត្តជួយដោះស្រាយ បេីថ្នាក់ខេត្តដោះស្រាយមិនចេញ ត្រូវស្នើទៅថ្នាក់ជាតិ ដេីម្បីរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដោយមិនមានការរេីសអេីងអ្វីឡើយ។
ជាមួយគ្នានោះ ឯកឧត្ដមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមប្រឆាំងជាដាច់ខាត់ចំពោះកាប៉ុនប៉ង បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាការរៀបចំឡើងដោយក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់ ហើយនាំគ្នាចូលរួមពិធីពិសារអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខឆាប់ៗនេះ នៅតាមទីវត្តអារាមនានា ក៏ដូចជានៅតាមគេហដ្ឋានបងប្អូន ក៏សូមរៀបចំពិធីនេះផងដែរ ៕