កម្ពុជាសង្ឃឹមថាអាមេរិកនឹងបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ជាថ្មីឡើងវិញ
កម្ពុជាសង្ឃឹមថាអាម៉េរិកនឹងបន្តសុពលភាពប្រព័ន្ធអនុគ្រោះពន្ធទូទៅ(GSP)សាជាថ្មីម្ដងទៀត ក្រោយពីអស់សុពលភាពរយៈពេល២ឆ្នាំ ពោលគឺតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងមក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញក្ដីសង្ឃឹមនេះ ក្នុងជំនួបជាមួយ ឯកឧត្តម អេនតូនី ប្លីងខេន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នៅក្នុងកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅរដ្ឋធានីវ៉ាស៊ីនតោន។
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងអាមេរិក សុទ្ធតែបានកត់សម្គាល់ដូចគ្នាថា កម្ពុជា និងសហរដ្ឋអាម៉េរិក គឺមានកិច្ចសហប្រតិបត្តិការល្អលើវិស័យជាច្រើន ដូចជាការកើនឡើងនូវការផ្លាស់ប្ដូរខាងផ្នែកសេដ្ឋកិច្ច សុខាភិបាល អប់រំ ការបោសសំអាតមីន ការប្រឆាំងអំពើភេរវកម្ម ការរក្សាសន្តិភាព ការការពារបេតិកភណ្ឌវប្បធម៌ ការរុករកអដ្ឋិធាតុទាហានដែលបានបាត់ខ្លួនក្នុងសង្រ្គាម និងឈ្លើយសឹកអាម៉េរិក និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។ រដ្ឋមន្ត្រីការបរទេសកម្ពុជា បានលើកឡើងថា ពាណិជ្ជកម្មគឺជាឧទាហរណ៍នៃកិច្ចសហប្រតិបត្តិការវិជ្ជមានដ៏ល្អប្រសើរបំផុតរវាងប្រទេសទាំងពីរ។
ដោយមើលឃើញពីចំណុចទាំងនេះហើយ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងនៅមុខឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកដោយមានក្ដីសង្ឃឹមថា អាម៉េរិកនឹងបន្តផ្តល់ប្រព័ន្ឋអនុគ្រោះពន្ធទូទៅ ដែលហៅកាត់ជាភាសាអង់គ្លេសថា GSP (Generalized System of Preferences)សម្រាប់កម្ពុជា ជាថ្មីឡើងវិញ ដើម្បីគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកម្មករកម្ពុជានៅក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើងដែលភាគច្រើនជាស្ត្រី។
ឯកឧត្តម អេនតូនី ប្លីងខេន បានលើកឡើងថា សហរដ្ឋអាម៉េរិកនឹងនៅតែគាំទ្របន្ថែមទៀតដល់ការអភិវឌ្ឍរបស់កម្ពុជា និងធ្វើការយ៉ាងសកម្មជាមួយកម្ពុជាជាបន្តទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការខាងផ្នែកនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីការបរទេសកម្ពុជា បានឆ្លើយតបទៅនឹងក្ដីបារម្ភរបស់សហរដ្ឋអាម៉េរិកពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន បានបង្ហាញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះដំណើរការនយោបាយប្រកបដោយបរិយាបន្ន និងសេរីភាពនៃការបញ្ចេញមតិ។
ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងបន្ថែមថា កម្ពុជាបានបោះឆ្នោតពហុបក្ស ដែលបានធ្វើឡើងជាទៀងទាត់ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ។ ការបោះឆ្នោត គឺត្រូវបានអ្នកសង្កេតការណ៍ក្នុងស្រុក និងក្រៅស្រុកវាយតម្លៃថាមានលក្ខណៈសេរី និងយុត្តិធម៌ និងមានគ្រឹះស្ថានប្រព័ន្ធផ្សព្វផ្សាយចំនួនរាប់រយកន្លែង ហើយមានបណ្តាញផ្សព្វផ្សាយសង្គមយ៉ាងទូលំទូលាយ ក៏ដូចជាមានប្រតិបត្តិការសហជីពសម្រាប់ការពារសិទ្ធិកម្មករ និងអង្គការមិនមែនរដ្ឋាភិបាល និងសង្គមស៊ីវិលរាប់ពាន់ ដើម្បីលើកកម្ពស់សិទ្ធិ និងសុខុមាលភាពរបស់ប្រជាជន។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីការបរទេសកម្ពុជា បានស្នើឱ្យសហរដ្ឋអាម៉េរិកពិចារណាឡើងវិញ លើការដាក់កំហិតទិដ្ឋាការដោយអយុត្តិធម៌ ទាក់ទងនឹងបញ្ហាមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ-អាម៉េរិក ដោយធានាដល់សមភាគីអាម៉េរិកអំពីកិច្ចសហប្រតិបត្តិការពេញលេញរបស់កម្ពុជាលើដំណើរការនេះ។
សូមរំលឹកថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាម៉េរិក(GSP) បានអស់សុពលភាពតាំងពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០មក។ ការអស់ពលភាព GSP នេះ គឺស្របពេលដែលកម្ពុជា បានបាត់បង់ការអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបចំនួន២០ភាគរយ។ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC)បានបញ្ជាក់ថា ក្នុងរយៈពេលនៃការអស់សុពលភាពប្រព័ន្ធអនុគ្រោះពន្ធ GSP រាល់ទំនិញដែលប្រទេសកម្ពុជា និងដែនដីទាំង១១៩ នាំចូលទៅអាម៉េរិក នឹងត្រូវជាប់អត្រាពន្ធនៃប្រទេសដែលទទួលបានការអនុគ្រោះបំផុត(The-Most-Favoured-Nations, MFN)។
GSP ជាប្រភេទប្រព័ន្ធអនុគ្រោះពន្ធ ដែលអនុញ្ញាតឱ្យប្រទេសជិត២០០ប្រទេស អាចនាំចូលទំនិញជិត១៥០០ប្រភេទទៅអាម៉េរិកដោយមិនបង់ពន្ធឡើយ។ កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP ពីអាម៉េរិកតាំងឆ្នាំ១៩៩៧មក ដោយអនុញ្ញាតឱ្យកម្ពុជា អាចនាំចូលទំនិញរាប់រយមុខ ប៉ុន្តែកម្ពុជា គឺមានលទ្ធភាពអាចនាំចេញទំនិញទៅទីផ្សារអាម៉េរិក ដូចជា កាបូប និងវ៉ាលីប៉ុណ្ណោះ។
គូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាអាមេរិកក្នុងត្រីមាសទី១ឆ្នាំ២០២២ គឺសម្រេចបានទំហំជាង២,៩ពាន់លានដុល្លារ ដែលកើនឡើងចំនួន៤៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២១។ នៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានចំនួន៧,៨ប៊ីលានដុល្លារ កើនឡើងប្រមាណ៤២ភាគយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕