កូនប្រុសអតីតមេដឹកនាំផ្តាច់ការហ្វីលីពីន ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី
លទ្ធផលរាប់សន្លឹកឆ្នោត នៅព្រឹកថ្ងៃទី ១០ខែឧសភា បានប្រកាសឲ្យដឹងថា បេក្ខភាពប្រធានាធិបតី Ferdinand Marcos Jr ទទួលបានការគាំទ្រ ខ្ពស់ ក្នុងការបោះឆ្នោតប្រធានាធិបតី នាថ្ងៃទី ៩ខែឧសភា ។ លោក Ferdinand Marcos Jrទទួឡបានសំឡេងគាំទ្រ ជាង ៣០,៧លានសន្លឹក ។ ឈរលំដាប់ទីពីរ លោក Leni Robredo គេបេក្ខភាព 14,៦លានសន្លឹង។
តើលោក Ferdinand Marcos Jr ជាអ្នកណា ?
លោក Ferdinand Marcos Jr មានអាយុ ៦៤ឆ្នាំ ត្រូវបានគេស្គាល់ជាទូទៅនៅក្នុងប្រទេសហ្វលីពីន ដោយមានឈ្មោះ មួយទៀតថា បុងបុង ម៉ាកូស (Bongbong Marcos)។ លោកគឺជាកូនប្រុសតែម្នាក់គត់របស់អតីតមេដឹកនាំផ្ដាច់ការហ្វីលីពីន លោក Ferdinand Marcos ដែលបានដឹកនាំប្រទេសហ្វីលីពីន ដោយនយោបាយកណ្ដាប់ដៃដែក ពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៨៦។
នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៧, លោក Marcos Jr បានលើកឡើងថាឪពុករបស់លោកបានជំរុញឱ្យរូបលោក ប្រឡូកចូលឆាកនយោបាយ ហើយនៅពេលលោកមានអាយុ ២០ឆ្នាំ, រូបលោកបានក្លាយជាអភិបាលខេត្ត អ៉ីឡូកូស ណ័រតេ (Ilocos Norte) ដែលស្ថិតនៅចម្ងាយ ៤៤០គីឡូម៉ែត្រ ពីភាគខាងជើងទីក្រុងម៉ានីល។ តែក្រោយមក ក្រុមគួសាររបស់លោកបានភៀសខ្លួនទៅកាន់សហរដ្ឋអាមេរិក បន្ទាប់ពីឪពុករបស់លោកត្រូវបានគេ ទម្លាក់ចេញពីអំណាចនៅឆ្នាំ១៩៨៦។
លោក Marcos Jr បានត្រឡប់មកកាន់ប្រទេសហ្វីលីពីនវិញ ក្នុងឆ្នាំ១៩៩១ ក្រោយឪពុករបស់លោកទទួលមរណភាព ហើយចាប់ពេលនោះមកដែរ លោកបានចាប់ផ្ដើមចូលរួមកាន់តែជ្រៅនៅក្នុងនយោបាយហ្វីលីពីន ដោយជាប់ឆ្នោតជាសមាជិកសភា ហើយបានក្លាយជាអភិបាលសាជាថ្មី។ ប៉ុន្តែ លោក បានបរាជ័យនៅក្នុងការប្រជែងយកតំណែងជាសមាជិកព្រឹទ្ធសភា ក្នុងឆ្នាំ១៩៩៥ ហើយរហូតដល់ឆ្នាំ២០១០ ទើបលោកជាប់ឆ្នោតកា្លយជា សមាជិកព្រឹទ្ធសភាហ្វីលីពីន។
នៅឆ្នាំ២០១៦ លោក Marcos Jr បានបរាជ័យជាថ្មីនៅក្នុងការប្រកួតប្រជែងយកតំណែងជាអនុប្រធានាធិបតីហ្វីលីពីន ក្រោមថ្វីដៃអនុប្រធានាធិបតី សព្វថ្ងៃ គឺលោកស្រី ឡេនី រ៉ូប្រេដូ (Leni Robredo) ដែលជាគូប្រជែងដ៏ធំរបស់លោកក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ២០២២ នេះ។ ដោយឡែក បើនិយាយពីប្រវត្តិសិក្សារបស់លោក Marcos Jr មានភាពចម្រូងចម្រាសយ៉ាងខ្លាំង។ ពោលគឺ នៅពេលលោកជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភា លោក បានអះអាងថាលោកទទួលបានសញ្ញាប័ត្រពីសាកលវិទ្យាល័យ Oxford ផ្នែកទស្សនៈវិជ្ជា នយោបាយ និងសេដ្ឋកិច្ច។ ប៉ុន្តែ ក្រុមអ្នករិះគន់បាននិយាយថា លោក Marcos Jr មិនបានទទួលសញ្ញាប័ត្រពិតប្រាកដនោះទេ ហើយសាកលវិទ្យាល័យ Oxford ក៏ធ្លាប់បានឱ្យដឹងដែរថារូបលោកមិនបាន បញ្ចប់ការសិក្សាទាំងស្រុងរបស់លោកនោះឡើយ៕