ព័ត៌មានជាតិ

អាជ្ញាធរខេត្តកោះកុងនឹងចាត់វិធានការច្បាប់ ចំពោះ​ម្ចាស់​ដែលលែងសត្វ​នៅតាមផ្លូវទីសាធារណៈ

កោះកុង – អភិបាលខេត្តកោះកុងកាលពីពេលថ្មីៗនេះ បានបង្គាប់ឲ្យអភិបាលក្រុងស្រុកទាំងអស់ត្រូវ​ចាត់វិធានការលើម្ចាស់សត្វចិញ្ចឹម ដែលលែងសត្វ គោ ក្របី ជ្រូក សុនក និងពពែ ឲ្យដើរពាសវាលពាសកាលនៅតាមទីផ្លូវសាធារណៈ។ ចំណាត់ការនេះធ្វើឡើងដើម្បីកុំឲ្យមានការបណ្តែតបណ្តោយឲ្យសត្វដើរតាមទីសាធារណៈដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ខូចសណ្តាប់ធ្នាប់ សោភណ្ឌភាពសាធារណៈ។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើក​ឡើង​នៅ​ក្នុង​លិខិតនោះថា កន្លងមកអាជ្ញាធរនៅតាមភូមិ ឃុំ ស្រុក គឺមានការណែនាំ និងផ្សព្វផ្សាយអំពីវិធានការចំពោះម្ចាស់សត្វចិញ្ចឹមដែលលែងសត្វឲ្យដើរពាសវាលពាសកាលបានល្អប្រសើរ។ ប៉ុន្តែម្ចាស់សត្វមួយចំនួននៅតែបន្តលែងសត្វចិញ្ចឹមរបស់ខ្លួនឲ្យដើរតាមទីសាធារណៈ។​ ដោយព្រួយបារម្ភអំពីហានិភ័យគ្រោះថ្នាក់ផ្សេងៗដោយសារសត្វចិញ្ចឹមដើរព្រោងព្រាតនៅតាមផ្លូវសាធារណៈ​លោកជំទាវស្នើដល់រដ្ឋបាលក្រុងស្រុកត្រូវបន្តផ្សព្វផ្សាយ ណែនាំ និងអប់រំដល់ម្ចាស់សត្វចិញ្ចឹមឲ្យគ្រប់គ្រងសត្វចិញ្ចឹមឲ្យបានល្អ ដោយចងខ្សែ ឬដាក់ក្នុងទ្រុងចិញ្ចឹមឲ្យបានត្រឹមត្រូវ។

ក្នុងករណីអប់រំណែនាំហើយ ម្ចាស់សត្វចិញ្ចឹមមិនគោរពតាម​ទេ អភិបាលក្រុងស្រុកត្រូវចាត់វិធានការដាក់ពិន័យដល់ម្ចាស់សត្វចិញ្ចឹមនោះ ហើយបើករណីបង្កឲ្យមានគ្រោះថ្នាក់កើតឡើងដោយសារសត្វ គឺអាជ្ញាធរត្រូវតែស្វែករកម្ចាស់សត្វ ដើម្បីមកទទួលខុសត្រូវតាមផ្លូវច្បាប់។

យោងតាមច្បាប់​ស្តីពីចរាចរណ៍ផ្លូវគោក ត្រង់មាត្រា៨៦បានចែងថា ជនណាដែលលែងសត្វចិញ្ចឹមឲ្យដើររហេតរហូតលើផ្លូវថ្នល់ ហើយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ម្ចាស់សត្វចិញ្ចឹមនោះនឹងត្រូវទទួលខុសត្រូវផ្នែករដ្ឋប្បវេណី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *