សង្គម

សត្វ​ខ្ទីង វ័ធ​ពលរដ្ឋ របួសធ្ងន់​ស្រាល បីនាក់ នៅ​ស្រុក​បន្ទាយ​អំពិល​

(ឧត្តរមានជ័យ) ៖ ​ប្រជាពលរដ្ឋ ចំនួន​បីនាក់ ត្រូវសត្វ​ខ្ទីង​ឈ្មោល​១​ក្បាល វ័ធ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ខណៈ​ពលរដ្ឋ​ទាំងនោះ ​កំពុង​កាប់​ដើម​ដំឡូង​មី នៅ​ចំការ​របស់ខ្លួន ស្ថិតនៅ​ភូមិ​ថ្នល់​បត់ ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល កាលពី​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២២​។​

​ពលរដ្ឋ​រងគ្រោះ​ចំនួន​បីនាក់​នោះ មានៈ ១.​ឈ្មោះ យន់ វឿ អាយុ ៥៤ ឆ្នាំ (​ប្តី​) រងរបួស​ធ្លាយ ភ្លៅ​ខាងស្តាំ​។ ២.​ឈ្មោះ ស្នែ នៀវ អាយុ ៥៥ ឆ្នាំ (​ប្រពន្ធ​) រងរបួស​ដៃ​ខាងស្តាំ​។ ៣.​ឈ្មោះ ទិ គ្រឹ​ង ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​គូរ ឃុំ ស្រុក​ជាមួយគ្នា រងរបួស​ក្រោម​ជង្គង់ ខាងស្តាំ​។

ប​ច្ចុ​ប្ប​ជន រងគ្រោះ​បីនាក់ ខាងលើ ត្រូវបាន​សាច់ញាតិ ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។​

​ប្រភពពី​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា សត្វ​ខ្ទីង​ឈ្មោល មួយ​ក្បាល បាន​វ័ធ​ពួកគាត់ ទាំងបី​នាក់ (​ដូចខាងលើ​នេះ​) សង្ស័យ​សត្វ​ខ្ទីង នៅក្នុង​ព្រៃ​ប្រទេស​ថៃ បាន​ឆ្លង​ព្រំដែន ចូលមក​កម្ពុជា​។ ពលរដ្ឋ​រងគ្រោះ បាន​អះអាងថា តំបន់​រស់នៅ និង​ចំការ​ពួកគាត់ មិនមាន​សត្វ​ប្រភេទ​នេះ រស់​នៅទេ​។​

​លោក អ៊ឹង សា​វរិ​ទ្ធ នាយ​ខ័​ណ​រដ្ឋបាល​ព្រៃឈើ ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា សត្វ​ខ្ទីង​ឈ្មោល ១​ក្បាល​នេះ កម្លាំង​ជំនាញ និង​កម្លាំង​សមត្ថកិច្ច កំពុង​ហ៊ុមព័ទ្ធ រង់ចាំ​កម្លាំង​អភិរក្ស​សត្វព្រៃ ភ្នំ​តា​ម៉ៅ ធ្វើការ​តាម​នីតិវិធី​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *