ព័ត៌មានជាតិ

ក្រសួងវប្បធម៌ថ្កោលទោស លោក​ គឹម ហ៊ាង ក្រោយ​ប្រើប្រាស់ពាក្យ​សម្តី​គ្មានការ​ទទួល​ខុសត្រូវ

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០២២នេះ ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មានមួយ ដោយ​ធ្វើការ​ថ្កោលទោស​លោក គឹម ហ៊ាង ដែល​គេដឹងថា ជាអ្នករកស៊ីផ្នែកអចលនទ្រព្យ​ដ៏ល្បីល្បាញ​នៅ​ប្រទេស​កម្ពុជា ក្រោយ​ពី​លោក​បានប្រើប្រាស់​ពាក្យ​សម្តីថា ការអភិវឌ្ឍន៍​នៅ​ខេត្តសៀមរាប​មិន​មានការ​រីកចម្រើន ដោយ​សារ​តែ​​ការ​អភិរក្ស​ជ្រុល​ហួស។

ការថ្លែង​ដែលមានរយៈពេលជិត៤នាទី របស់​លោក គឹម ហ៊ាង នៅ​ក្នុង​សិក្ខា​សាលា​មួយស្តីពីអនាគត នៃវិស័យ​អចលនទ្រព្យ​ខេត្តសៀមរាប និងដែល​​ត្រូវ​បានគេ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ ត្រូវ​បានក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ លើកឡើងថា គឺជា​សម្តីវាយប្រហារ​មិន​មាន​ការ​ទទួលខុសត្រូវ និង​គ្មាន​ការ​សិក្សា​ស្រាវជ្រាវ​យល់ដឹង​គ្រប់ជ្រុងជ្រោយ ខ្វះខាត​ចំណេះដឹង​លើ​ផ្នែក​កិច្ច​ការ​ពារ​បេតិកភណ្ឌពិភពលោក ដោយ​សម្លឹង​ឃើញតែមួយ​ជ្រុង​ទៅ​លើ​វិស័យ​អចលនទ្រព្យ ដើម្បី​តែ​ផល​ចំណេញ នៃមុខជំនួញខ្លួន ដោយ​បំភ្លេច​ចោល​នូវ​តម្លៃ នៃមរតក​វប្បធម៌ជាតិ ក៏​ដូចជា​ការ​ជំរុញ​ឲ្យ​មានចលនាទិញ លក់ដូរ អចលនទ្រព្យ​កាន់តែខ្លាំងក្លា​ឡើង ក្នុង​តំបន់​សៀមរាប​អង្គរ ដែលអាច​នាំ​ដល់​ការ​រីករាលដាលសំណង់អណាធិបតេយ្យ​ក្នុង​តំបន់រមណីយដ្ឋាន​ការពារ និង​តំបន់ជុំវិញនានា។

ក្នុងនោះដែរ ក្រសួងវប្បធម៌ ក៏​បានចាត់ទុកសម្តីរបស់លោក គឹម ហ៊ាង ក៏បានធ្វើ​ឲ្យ​ប៉ះពាល់ទៅលើ​កិច្ច​ខិតខំប្រឹងប្រែងការពារ​ ថែរក្សា និង​អភិរក្ស របស់​ឥស្សរជនជាន់ខ្ពស់ថ្នាក់ជាតិ អន្តរជាតិ គ្រប់ជំនាន់ ជាពិសេស​ការ​ខិតខំរបស់​រាជរដ្ឋាភិបាល ដែលបានសហការជាមួយ​អង្គការ​យូណេស្កូ តាមរយៈ​ការ​ជំរុញ និង​គាំពារ​ឲ្យ​បង្កើត​យន្ត​ការ​អន្តរជាតិ ដើម្បីសម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ ហៅ​កាត់ថា អាយស៊ីស៊ីអង្គរ ដឹកនាំ​ដោយ​សហប្រធានបារាំង និងជប៉ុន ដែល​ប្រមូលផ្តុំដោយ​អ្នកជំនាញ​ការជាតិ អន្តរជាតិ ដែលមានអាយុ​កាលជាង ៣០ឆ្នាំ បានរួមគ្នា​មក​សង្រ្គោះ និង​ការពារ​អង្គរ ក្នុង​នោះ​បានប្រើប្រាស់​ថវិកា​ច្រើនជាង ៥០០លានដុល្លារ ព្រមទាំង​ជួយ​បណ្តុះបណ្តាល​នូវ​ធនធាន​មនុស្ស​ជូនកម្ពុជា​ជាច្រើន ដើម្បី​កិច្ច​ការពារ​បេតិកភណ្ឌជាតិយើង។

បើតាម​ការ​បញ្ជាក់របស់​ក្រសួងវប្បធម៌ ការ​អភិរក្ស និង​អភិវឌ្ឍក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក គឺជាយន្ត​ការ នៃការ​រក្សា​លំនឹង​មួយ​យ៉ាង​ប្រុងប្រយ៧ត្ន និង​ត្រូវ​គោរព​ជា​ដាច់​ខាត​នូវ​គោល​ការណ៍ច្បាប់ បទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិ រួមទាំង​ក្រឹត្យ​ក្រម និង​ការ​អនុវត្ត​នានា​ដែលមានជាធរមាន ដើម្បីធានាដល់​ការ​អភិវឌ្ឍមួយ​ប្រកបដោយ​ចីរភាព និង​រក្សា​ឲ្យ​បាន​ជា​ដាច់​ខាតនូវ​កិត្តិយស និង​កេរ្តិ៍​ឈ្មោះ​របស់​រមណីយដ្ឋានអង្គរ​ដែលជា​បេតិកភណ្ឌ​ពិភពលោក និង​ក៏​ជា​កិត្យានុភាព​របស់ជាតិ និង​ប្រជាជន​កម្ពុជា​លើឆាកអន្តរជាតិផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *