សង្គម

បុរសម្នាក់ស្លាប់ ខណៈបើកលឿនឡើងខឿនសួននាគបាញ់ទឹក ហោះចូលស្ទឹងសង្កែ

បុរសវ័យជាង ៣០ ឆ្នាំម្នាក់ បានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីបើករថយន្ត​ដូចហោះ ឡើងខឿនសួននាគបាញ់ទឹកហោះធ្លាក់ចូលស្ទឹងសង្កែទាំង​កណ្តាលយប់។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ខ្លួនឯង​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ​៣ និង ៤០ នាទី ទៀបភ្លឺ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​ក្នុង​ស្ទឹង​សង្កែ ត្រើយ​ខាងលិច ស្ថិតក្នុង​ក្រុមទី​០៧ ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

សាក្សី​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​មាន​រថយន្ត​មួយគ្រឿង ម៉ាក​អ៊ី​ស៊ុយ​ស៊ុយ ពណ៌​ទឹកសមុទ្រ បាន​បើក​បរដូច​ហោះ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង តាម​បណ្តោយ​ផ្លូវ មាត់​ស្ទឹង (​ផ្លូវ​លេខ​១)​។ សាក្សី​បាន​បន្តថា លុះ​មកដល់​ត្រង់​បរិវេណ​សួន​នាគ​បាញ់​ទឹក ស្រាប់តែ​រថយន្ត​នេះ​រេ​ឆ្វេង​ឡើង​ទៅលើ​ខឿន ហើយ​បាន​ជ្រុល​ចង្កូត​ធ្លាក់​ក្រឡាប់​ចូលទៅក្នុង​ស្ទឹង​សង្កែ បណ្តាល​ឲ្យ​អ្នកបើកបរ​ឈ្មោះ វ៉ាង សារិទ្ធ ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ លក់ដូរ មាន​ទីលំនៅ​ក្រុមទី​២២ ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ស្លាប់​ខណៈពេល​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង។

ភ្លាមៗ​នោះ រថយន្ត​ខាងលើ​ត្រូវបាន​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោ​ក​ស្ទូច​យកទៅ​រក្សាទុក ដោយឡែក​សាកសព​ជនរងគ្រោះ​ក៏បាន​ធ្វើការ​ប្រគល់​ទៅឲ្យ​សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​ហើយ​ដោយ​ករណីនេះ​ប្រភព​ខ្លះ​និយាយថា​ ប្រហែល​ងងុយដេក ឯ​មួយចំនួនទៀត​សន្និដ្ឋាន​ថា អាច​បណ្តាលមកពី​ស្រវឹង​ខ្លាំង បាត់បង់​ម្ចាស់ការ​ទើប​បើក​លឿន​និង​រេ​ចង្កូត​បែបនេះ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *