ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីប្រាប់ឲ្យ​ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈកូវីដ១៩បំប្លែងថ្មីអូមីក្រុងចូលក្នុងសហគមន៍

តាមរយៈសារជាសំឡេង​នៅព្រលប់ថ្ងៃចន្ទ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាស​ថា ពេលនេះកម្ពុជា​បាន​បន្ត​រកឃើញ​អ្នកឆ្លង​ជំងឺកូវីដ១៩​បំប្លែង​ថ្មី​ប្រភេទ អូមីក្រុង នៅក្នុងសហគមន៍​ចំនួន​១០ករណីបន្ថែមទៀត និង២៤ករណីទៀតជា​ករណីនាំចូល។

តែយ៉ាងណាក៏ដោយ​សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការ​បើកប្រទេស​នៅ​តែ​ដំណើរការ​ជាធម្មតា និង​ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​បង្កើន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បានខ្ពស់​ជាង​មុន ។ ជាមួយ​គ្នា​នេះ សម្តេចក៏​បាន​ប្រាប់​ទៅ​ដល់​ក្រសួងសុខាភិបាល​ឲ្យ​ពន្លឿន​ការ​ចាក់វ៉ាក់សាំង​កូវីដ១៩​ដូសជំរុញ​ដល់ប្រជាពលរដ្ឋ​ឲ្យ​បានគ្រប់គ្នា ដើម្បី​ទប់ស្កាត់​ពីជំងឺកូវីដ១៩​បំប្លែងថ្មី ប្រភេទ អូមីក្រុង នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ «ក្នុងស្ថានការណ៍បែបនេះត្រូវតែយកចិត្តទុកដាក់ទៅលើវិធានការពារឱ្យបានខ្លាំងក្លាបំផុតនោះគឺការបន្តអនុវត្តវិធានការ៣កុំ ៣ការពារ ដើម្បីធានាថាសហគមន៍របស់យើងមានភាពរឹងមាំជាមួយគ្នានេះខ្ញុំបានចេញបទបញ្ជាហើយជំរុញល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញជូនដល់ពលរដ្ឋរបស់ យើង »។

សូមបញ្ជាក់ថា បើតាមការប្រកាសរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៦៣៦នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០២៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *