ព័ត៌មានជាតិ

ស្គាល់អត្តសញ្ញណក្មេងប្រុសឈរដោះស្បែកជើងចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ដែលកំពុងតែមានការចាប់អារម្មណ៍

ដោយមានសំណួរច្រើនពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់ ឈរដោះស្បែកជើង ពាក់ម៉ាស និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ហើយ​ត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេស ទទួលបានការចាប់អារម្មណ៍ពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រីផងនោះ នៅព្រលប់ថ្ងៃទី២ ខែវិច្ឆិកា លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី នៃខេត្តសៀមរាប បានបង្ហាញអំពីអត្តសញ្ញាណក្មេងប្រុសនោះ។

ក្មេងប្រុសតូចនោះ​មាន​អាយុ៧ឆ្នាំ ឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សីហា រៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត មានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។

លោកអភិបាលស្រុកបន្ទាយស្រី បានបន្តថា កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

សីហា បានមកចូលរួមទទួលយកអំណោយជាសម្ភារសិក្សាពីកម្មវិធី «តោះអាន និងបង្គន់អនាម័យដើម្បីសុខភាពកាន់តែប្រសើរ» (Let’s Read & Toilet for Better Health 2021) កាលពីថ្ងៃអាទិត្យទី៣១ខែតុលាឆ្នាំ២០២១កន្លងទៅ ដែលជាគម្រោងរៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI Cambodia) និងមានការចូលរួមពីរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចែកសម្ភារសិក្សាដល់សិស្សជាង៩០០នាក់មកពីសាលាចំនួន៤ និងសាងសង់បន្ទប់ទឹកថ្មីជូនដល់សាលាបឋមសិក្សាជ័យផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *