សង្គម

ផ្ទុះធុងហ្គាស ឆេះរបួសមនុស្ស​៣នាក់ ពេលកំពុង​កម្តៅសម្ល

មនុស្សចំនួន ៣នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារធុងហ្គាសទម្ងន់ ១៥គីឡូក្រាម បានផ្ទុះក្លាយជាអគ្គិភ័យ កាលពីម៉ោង ៣រសៀល ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៦៤០ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍នគរបាល បានឱ្យដឹងថា ជនរងគ្រោះនៅក្នុងការផ្ទុះចង្ក្រានហ្គាសនេះ ឈ្មោះ វ៉ន សោភណ្ឌ ភេទស្រី អាយុ៤៥ឆ្នាំ អ្នកលក់ដូរ ជាម្ចាស់ផ្ទះខាងលើ បានរងរបួសស្រាល, ឈ្មោះ វ៉ាន់ ពីត ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ បានរងរបួសធ្ងន់ និង ឈ្មោះ លី ណាធី ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ បានរងរបួសធ្ងន់។ ជនរងគ្រោះទាំង ៣នាក់ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត។

ប្រភពខាងលើបានបញ្ជាក់ថា ក្នុងករណីនេះ បន្ទាប់ពីចប់សែនក្បាលទឹករួចរាល់ ជនរងគ្រោះ ឈ្មោះ វ៉ាន់ ពីត និងឈ្មោះ លី ណាធី បានទៅលេងផ្ទះ ហើយនៅវេលារសៀលនោះ ម្ចាស់ផ្ទះឈ្មោះ វ៉ន សោភណ្ឌ ក៏បានរៀបចំកម្តៅសម្ល ដើម្បីជួបជុំភ្ញៀវហូបបាយ ស្រាប់តែផ្ទុះចង្ក្រានហ្គាសធុងចំណុះ ១៥គីឡូក្រាម បណ្តាលឱ្យឆាបឆេះ និងបណ្តាលឱ្យរងរបួសធ្ងន់-ស្រាលចំនួន ៣នាក់តែម្តង។

ភ្លាមៗនោះ បានប្រជាពលរដ្ឋ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ហើយបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ទៅបាញ់ពន្លត់ទាន់ពេលវេលា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *